ភ្នំសំពៅ និងភ្នំបាណន់ ក្នុងខេត្តបាត់ដំបង ត្រៀមចុះបញ្ជីជាតំបន់បេតិភណ្ឌធម្មជាតិ

សង្គម​ និង​សេដ្ឋកិច្ច

មន្រ្តីជំនាញក្រសួងបរិស្ថាន បានសហការជាមួយអាជ្ញាធរខេត្តបាត់ដំបង មន្ទីរបរិស្ថានខេត្ត អង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិនៅកម្ពុជា(FFI) និងដៃគូអភិវឌ្ឍន៍ សិក្សាលើទិន្នន័យនិងពិនិត្យពិភាក្សា ទៅលើសក្តានុពលនៃតំបន់ភ្នំថ្មកំបោរ ចំនួន២គឺភ្នំសំពៅ និង តំបន់ភ្នំបាណន់ នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ដើម្បីរៀបចំ ចុះបញ្ជីជាតំបន់បេតិភណ្ឌធម្មជាតិ។ នេះបើតាមការឱ្យដឹងរបស់ក្រសួងបរិស្ថាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងកាលពីថ្ងៃទី៩ ខែកក្កដា ថាតាមរយៈការរពិនិត្យ ស្រាវជ្រាវពីសំណាក់មន្រ្តីជំនាញ និងភាគីពាក់ព័ន្ធ បានកំពុងប្រែក្លាយតំបន់នេះជាតំបន់ដែលមានសក្តានុពលយ៉ាងសំខាន់ ប្រវត្តិសាស្រ្ត និងមានសម្បត្តិធនធានធម្មជាតិដែលអាចរៀបចំជាគោលដៅលំហែបៃតងផងដែរ។

សូមបញ្ជាក់ថា ភ្នំបាណន់ និងភ្នំសំពៅ គឺជាទីតាំងក្រុងបុរាណខ្មែរនាសម័យអង្គរ មានសិលាចារឹក K.1434 មានប្រាសាទបុរាណ មានល្អាងជាច្រើន និងជាទីតាំងថ្មកំបោរដ៏កម្រដែលជាអតីតនៅក្នុងសមុទ្រមានអាយុកាលក្នុងស័កទី១ Paleozoic ក្នុងសម័យកាល Permian មានអាយុកាល(២៥១-២៩៩ លានឆ្នាំមុន)។

ក្រៅអំពីសក្តាសក្តានុពលតម្លៃជីវៈចម្រុះ និងធនធានធម្មជាតិ តម្លៃវប្បធម៌ប្រវត្តិសាស្រ្ត ភ្នំបាណន់ និងភ្នំសំពៅ គឺជាទីតាំងទាក់ទាញភ្ញៀវទេសចរទៅគោរពបូជាផ្នែកសាសនា ទស្សនាព្រៃឈើ និងទស្សនាផ្ទាំងទស្សនីយ ភាពសត្វប្រចៀវ ហោះហើរចេញពីរូងជារៀងរាល់ថ្ងៃ នៅចន្លោះម៉ោង៥ ដល់ម៉ោង៦ល្ងាច ដែលផ្ទាំងទស្សនីយភាពនេះ អ្នកភូមិហៅហ្វូងប្រចៀវទាំងនោះថា«កងទ័ពប្រចៀវ» មានប្រមាណ ៥លានក្បាល។ ជាមួយនិងផលប្រយោជន៍ផ្នែកទេសចរណ៍ខាងលើ សត្វប្រចៀវបានផ្តល់ប្រាក់ចំណូលដល់សហគមន៍មូលដ្ឋាន តាមរយៈប្រមូលអាចម៍ប្រចៀវពីក្នុងល្អាងនៃភ្នំទាំង២ ដែលក្នុងមួយឆ្នាំៗ ជាមធ្យមទទួលបាន ៣ម៉ឺនដុល្លារ ពីភ្នំបាណន់ និង២ម៉ឺនដុល្លារពីភ្នំសំពៅ។

ប្រធាននាយកដ្ឋានតំបន់បេតិកភណ្ឌធម្មជាតិ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន ជាប្រធានក្រុមការងារក្រសួងបរិស្ថាន  កាលពីថ្ងៃទី៧- ៨ ខែកក្កដា ឆ្នាំ២០២៥ ក៏បានសហការជាមួយ អ្នកស្រាវជ្រាវមកពី អង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិនៅកម្ពុជា(FFI) និងមានការចូលរួមពីមន្ទីរបរិស្ថានខេត្តបាត់ដំបង បានផ្សព្វផ្សាយលទ្ធផលស្តីពី «ការសិក្សាស្រាវជ្រាវជីវៈចម្រុះនៅ ភ្នំបាណន់ និងភ្នំសំពៅ» ដោយអង្គការ(FFI) និងនាយកដ្ឋានជីវៈចម្រុះ កាលពីឆ្នាំ២០២៤ និងបានចុះពិនិត្យទីតាំងសក្តានុពលនៅភ្នំបាណន់និងភ្នំសំពៅ និងជួបសំណេះសំណាលជាមួយសហគមន៍មូលដ្ឋានផងដែរ។

តាមលទ្ធផលនៃកាសិក្សាស្រាវជ្រាវដោយដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ(Camera trap) បានរកឃើញប្រភេទសត្វស្ថិតនៅក្នុងចំណាត់ថ្នាក់កំពុងរងគ្រោះថ្នាក់ជាសាកល រួមមាន សត្វពង្រូល, ក្ងោក, កែះ, ស្វាត្រោស, ស្វាក្តាម និងប្រភេទសត្វ មានដោយបង្គួរជាច្រើនទៀត ដូចជា សត្វឆ្កែចចក, ឆ្មាដាវ, ប្រម៉ា, ក្តាន់ញ៉ែងតូច និងជាពិសេសបានរកឃើញប្រភេទសត្វតុកកែ,សត្វជីងចក់ និងខ្យងគោកដែលជាប្រភេទថ្មីសម្រាប់កម្ពុជានិងពិភពលោក។