សម្តេច ហ៊ុន សែន បញ្ជាឲ្យបិទវិទ្យុ VOD ក្រោយផ្សាយប្រឌិតរឿង លោក ហ៊ុន ម៉ាណែត

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសម្តែងការសោយស្តាយ និងមិនអាចទទួលយកបានឡើយចំពោះលិខិតរបស់វិទ្យុ VOD ចំនួនពីរទំព័រ ផ្ញើជូនសម្តេច ដោយប្រើប្រាស់ពាក្យសោកស្តាយ និងសូមអធ្យាស្រ័យជំនួសឲ្យពាក្យសុំទោស ក្នុងរឿងអត្ថបទព័ត៌មានពាក់ព័ន្ធលោក ហ៊ុន ម៉ាណែត ដែល VOD ចុះផ្សាយថា «ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចុះហត្ថលេខាជំនួសម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងការផ្តល់ជំនួយដល់ប្រទេសតួកគី ក្រោយរងគ្រោះធម្មជាតិ នាពលេថ្មីៗនេះ»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន លើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនបានសរសេរក្នុងន័យដើមយ៉ាងដូច្នេះថា «តើការប្រើពាក្យសោកស្តាយនិងសូម អធ្យាស្រ័យវាជំនួសឲ្យពាក្យសុំទោសបានដែរឬទេ? សម្រាប់ខ្ញុំមិនអាចទទួលយកបានឡើយ។ តើការបកស្រាយបំភ្លឺនៅទីនេះមានចេតនាទម្លាក់កំហុសឲ្យមន្ត្រីរាជរដ្ឋាភិបាលមែនទេ? ទុកជូនឯកឧត្តមផៃ សុីផាន ពិនិត្យលទ្ធភាពប្តឹងទៅតុលាការ»។

សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា សម្តេចបានកាន់តំណែងក្នុងរដ្ឋរយៈពេលជាង៤៤ឆ្នាំហើយក្នុងនោះតំណែងនាយករដ្ឋមន្ត្រីរយៈពេលជាង៤៤ឆ្នាំ សម្តេចពិតជាយល់ដឹងល្មមគ្រប់គ្រាន់នូវពាក្យពេចន៍ដែលត្រូវបានប្រើរាប់ទាំងពាក្យសំដីវាគ្មិនមួយចំនួនដែលចូលមកសម្ភាសក្នុងរឿងផ្លូវច្បាប់ទាក់ទងដល់ការផ្តល់ជំនួយដល់ប្រទេសតួកគីដែលវាគ្មិនខ្លះព្យាយាមវាយទាំងឪវាយទាំងកូនដែលកូននោះគឺ លោក ហ៊ុន ម៉ាណែត ដែលលោកពុំបានដឹងរឿងអ្វីសោះ។ សម្តេចតេជោដាក់ជាសំនួរថា តើនេះឬជាវិជ្ជាជីវៈដែលអស់លោកចង់ផ្សាយដោយអចេតនានោះ?។

ជាមួយគ្នានោះ ដើម្បីកុំឲ្យវែងឆ្ងាយសម្តេចតេជោ ហ៊ុន សែន បានសម្រេចមិនទទួលយកការសំដែងការសោកស្តាយនិងសូមការអធ្យាស្រ័យជំនួសឲ្យការសុំទោសរបស់អស់លោក (វិទ្យុ VOD) ដែលជាសេចក្តីថ្លៃថ្នូរនិងកិត្តិយសរបស់អស់លោកនោះឡើយ។

សម្តេចតេជោ បញ្ជាក់បន្ថែមទៀតថា ក្នុងនាមរាជរដ្ឋាភិបាលដែលត្រូវការពារកិត្តិយសរបស់ខ្លួន សម្តេចសម្រេចបញ្ចប់រឿងនេះដោយឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណវិទ្យុវីអូឌី (VOD) ចាប់ពីពេលនេះតទៅនិងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង ១០.០០នាទីថ្ងៃ១៣ កុម្ភៈ ២០២៣ ជាកំហិត។

ទន្ទឹមនឹងនោះ សម្តេចតេជោក៏បានឲ្យសាលារាជធានីភ្នំពេញនិងស្ថាប័នពាក់ពន្ធ័ជួយការពារសណ្តាប់ធ្នាប់និងទ្រព្យសម្បត្តិនៃវិទ្យុនេះឲ្យបានគង់វង្ស។ សម្តេចបញ្ជាក់ថា បិទតែការផ្សាយគ្រប់ប្រភេទនៃវិទ្យុនេះប៉ុណ្ណោះ តែមិនប៉ៈពាល់ទ្រព្យសម្បត្តិរបស់គេទេ។ សូមមិត្តភក្តិបរទេសដែលផ្តល់លុយឲ្យវិទ្យុនេះបង្វិលលុយទៅប្រទេសវិញឬជួយទៅប្រទេសផ្សេង។ សូមបុគ្គលិកដែលធ្វើការនៅវិទ្យុនេះស្វែងរកការងារធ្វើនៅកន្លែងផ្សេងទៀត៕

សូមអានលិខិតរបស់វិទ្យុ VOD