ប្រធានាធិបតីអាល្លឺម៉ង់ នឹងមកដល់កម្ពុជានៅថ្ងៃស្អែកដែលនឹង​បើកទំព័រមាសក្នុងប្រវត្តិសាស្ត្រ

សង្គម​និង​សេដ្ឋកិច្ច

លោក ហ្រ្វាំង វ៉ាល់ធ័រ ស្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានា​​ធិប​​តីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងលោកស្រី អែលឃើ បឿឌិនប៊ិនឌ័រ (Eike Búdenbender) នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ​កម្ពុជាចំនួន២ថ្ងៃ គឺនៅថ្ងៃទី១៤-១៦ ខែកុម្ភៈ ឆ្នាំ២០២៣ តបការអញ្ជើញពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ឋសភាកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការ​​បរទេស​ និង​សហ​​ប្រតិបត្តិការ​​អន្តរជាតិ បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃ​​ដំណើរទស្សន​កិច្ច​​នេះ ប្រធានាធិបតីអាល្លឺម៉ង នឹងមានកិច្ច​សន្ទនាផ្លូវការ ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងសម្ដេច​​​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដែលក្នុងឱកាសនោះទិដ្ឋភាព​​ផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី រួមទាំងបញ្ហានានាដែលមានផល​ប្រយោជន៍រួម នឹងត្រូវលើកយកមកពិភាក្សា។

ទន្ទឹមនឹងនោះ ប្រធានាធិបតី លោក ហ្រ្វាំង វ៉ាល់ធ័រ ស្តែនម៉ៃយ័រ នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះករុណា ព្រះបាទសម្តេច​​ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រម្ពុជា។

បើតាមក្រសួងការបរទេស ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា លោក ហ្រ្វាំង វ៉ាល់ធ័រ ស្តែនម៉ៃយ័រ នឹងអញ្ជើញទៅទស្សនកិច្ច អង្គការ Halo Trust និងទស្សនាឧទ្យានជាតិអង្គរក្នុងខេត្តសៀមរាប ដែលមានគម្រោងឧបត្ថម្ភគាំទ្រដោយ​អាល្លឺម៉ង់ និងអញ្ជើញទៅ​ទស្សនាសារ​មន្ទីរប្រល័យ​ពូជសាសន៍ ទួលស្លែង ក្នុងរាជធានីភ្នំពេញផងដែរ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាត់ទុកដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនាពេលខាងមុខរបស់លោកប្រធានាធិបតីអាល្លឺម៉ង់ មកកាន់កម្ពុជា នឹង​បើកទំព័រមាសក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងជាប្រពៃណី ក៏ដូចជាមិត្តភាពព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ​រវាង​​ប្រទេសទាំងពីរនិងពង្រឹងបន្ថែម ទៀតនូវចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់ សម្រាប់​ជាផលប្រយោជន៍ ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ៕