ឯកឧត្តម ហ៊ុន ម៉ាណែត៖ កម្ពុជាបានត្រៀមខ្លួនរួចរាល់ ដើម្បី​ស្រូបយក​ឧស្សាហកម្ម​​ ក្នុង​វិស័យ​​យានយន្ត និង​អេឡិច​​​ត្រូនិច

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការស្រូបយកឧស្សាហកម្ម ក្នុងវិស័យយានយន្ត និងអេឡិចត្រូនិច ដើម្បី​ប្រែក្លាយ​ជាមជ្ឈម​ណ្ឌល​ផលិតយានយន្ត និងបរិក្ខារអេឡិចត្រូនិក ស្របគ្នាដែលរាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវផែនទីបង្ហាញផ្លូវ​នៃការ​អភិ​វឌ្ឍ​​​វិស័យយានយន្ត និងអេឡិចត្រូនិចកម្ពុជា កាលពី​ពេលថ្មី​ៗ​នេះ។ នេះបើតាមកា​រលើកឡើង របស់ឯ​កឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត នៅ​ក្នុងពិធីសម្ពោធ​ក្រុ​មហ៊ុន ម៉េកូ អ៊ីនថេលីជេន (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិវះពោះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជាជោគជ័យថ្មីមួយទៀតនៃការ ដាក់​ចេ​ញ​នូវគោលនយោបាយ​រប​ស់​​រាជរដ្ឋាភិបាល នៅក្នុងការប្រែក្លាយ​មូលដ្ឋានឧស្សាហកម្ម​កម្ពុជាពី​ឧស្សាហ​កម្ម​បែបអតិពលកម្ម ទៅជាឧ​ស្សា​ហកម្ម​ដែលពឹងផ្អែកលើជំនាញ និងបច្ចេកវិទ្យា។ ជំនឿទុកចិ​ត្តរបស់​ក្រុមហ៊ុន ម៉េកូ អ៊ីនថេ​លីជេន ក្នុងការសម្រេចចិត្តធ្វើការ​វិនិ​យោ​គនៅកម្ពុជា គឺជាតឹកតាង​មិនអាចប្រកែក​បាននៃ​ដំណើរទៅ​មុខប្រកបដោយក្តីសង្ឃឹមនៃការអភិវឌ្ឍ ក៏ដូចជាគុណ​តម្លៃនៃកត្តាសុខសន្តិភាព និងស្ថិរភាពនៅកម្ពុជា។

ឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវវិនិយោគិន និងធុរជនទាំងក្នុង និងក្រៅស្រុក បន្តជ្រើសរើសកម្ពុជា​ជាគោល​ដៅវិនិយោគ​ដោយនឹងទទួលបាននូវការលើកទឹកចិត្តប្រកបដោយភាពទាក់ទាញបំផុត តាមរយៈច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាច​ក្រកម្ពុជាថ្មី។

គួរបញ្ជាក់ថា  ក្រុមហ៊ុន ម៉េកូ អ៊ីនថេលីជេន (Meko Intelligence Cambodia) ដែលបានសម្ពោធ​ដាក់ឱ្យដំណើរ​ការជាផ្លូវ​កា​រ​នេះ មានទំហំដើមទុនសរុបប្រមាណ ៣២ លានដុល្លារអាមេរិក។ វត្តមាន​របស់​រោងចក្រនេះ គឺបន្ថែមលើរោង​​ចក្រ-​សហគ្រាសចំនួនជាង ២០០ ក្នុងទូទាំងខេត្តតាកែវ ។ ​រោង​ចក្រ​ដ៏ថ្មីសន្លាងនេះ នឹងជួយជំរុញ​នូវសក្តានុពលរបស់ខេត្ត ក្នុង​​ការ​ស្រូបយកឧស្សាហកម្ម​ដែលមានតម្លៃបន្ថែមខ្ពស់ ដូចជា ឧស្សាហកម្មគ្រឿងអេឡិចត្រូនិកជាដើម។

ស្របជាមួយគ្នានេះ រោងចក្រទាំងអស់ក្នុងខេត្ត បាននិងកំពុងបង្កើតការងារជូនដល់កម្មករ-និយោជិត​​ចំនួន​​ជិតប្រមាណ ៧ ម៉ឺន​នាក់ និងមានប្រាក់ឈ្នួលសរុបប្រមាណ ២២៦ លានដុល្លារអាមេរិកក្នុង​មួ​យ​ឆ្នាំ ដោយនេះគឺ​ជាវឌ្ឍន​ភាព​ដ៏ល្អប្រសើរ​ក្នុងការរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុ​ជា តាមរយៈ​ការ​បង្កើតឱកាសការងារ, ការបង្កើនប្រាក់ចំណូលដល់ប្រជា​ជន​តាម​មូលដ្ឋាន និងការចូលរួមក្នុងកិច្ចការ​សង្គមនានា៕