សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យបារាំងជួយវិនិយោគលើរោងម៉ាស៊ីនកិនស្រូវ និងឃ្លាំងស្តុកស្រូវនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីគោលនយោបាយកសិកម្មរបស់កម្ពុជា ក្នុង ការជំរុញការកែច្នៃស្រូវសម្រាប់ការនាំចេញកាន់តែខ្លាំងថែមទៀត ខណៈសម្តេចក៏ចង់ឱ្យបារាំងជួយវិនិយោគលើរោងម៉ាស៊ីនកិនស្រូវ និងឃ្លាំងស្តុកស្រូវនៅកម្ពុជាថែមទៀត។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយលោក មី រីយូ (Rémy Rioux) អគ្គនាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង កាលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានជម្រាបជូនលោក រ៉េមី អំពីគោលនយោបាយកសិកម្មរបស់កម្ពុជា ដែលក្នុងនោះ មានការជំរុញការកែច្នៃស្រូវ សម្រាប់ការនាំចេញ ខណៈពាក់ព័ន្ធនឹងចំណុចនេះ សម្ដេចចង់ឱ្យបារាំងជួយវិនិយោគលើកង្វះខាតនូវម៉ាស៊ីនកិនស្រូវ និងឃ្លាំងស្តុកស្រូវ សម្រាប់ទិញកែច្នៃ និង នាំអង្ករចេញពីកម្ពុជា។ 

សម្ដេចតេជោ ហ៊ុន សែន ក៏បានបន្ថែមថា ច្បាប់វិនិយោគនៅកម្ពុជា គឺមានភាពអនុគ្រោះខ្លាំង នោះគឺអនុញ្ញាតឱ្យអ្នកវិនិយោគបរទេសមកវិនិយោគ ១០០% នៅកម្ពុជា ហើយក៏អនុញ្ញាតឱ្យប្រើប្រាស់រូបិយប័ណ្ណបរទេស សម្រាប់បើកប្រាក់ខែជូនកម្មករផងដែរ។ ក្នុងន័យនេះសម្ដេចតេជោ បានលើកទឹកចិត្តឱ្យមានការវិនិយោគលើវិស័យកសិកម្ម និងឧស្សាហកម្មនេះ។

ជាការឆ្លើយតប លោក រ៉េមី រីយូ (Rémy Rioux) អគ្គនាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក និងគណៈប្រតិភូមកកាន់កម្ពុជានៅពេលនេះ គឺដើម្បីចូលរួមខួប ៣០ឆ្នាំ វត្តមានរបស់ភ្នាក់ងារអភិវឌ្ឍន៍បារាំង នៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមក៏បានជម្រាបជូនសម្ដេចតេជោ អំពីការបើកសាខាបច្ចេកទេសនៅកម្ពុជា និងបង្កើនជំនួយដល់កម្ពុជាថែមទៀត ជាមួយនឹងការជួយកម្ពុជា លើបណ្ដាញអគ្គិសនី សម្រាប់អគ្គិសនីកកើតឡើងវិញផងដែរ។

ជាមួយគ្នានេះ លោក រ៉េមី បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមបានកត់ត្រាទុកនៅរាល់អ្វីដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី បានចង្អុលបង្ហាញ ហើយឯកឧត្តម នឹងធ្វើអន្តរាគមន៍លើបញ្ហាទាំងនេះថែមទៀត៕ អត្ថបទ៖ ពិសី