គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ២ ត្រៀមផ្តល់ប្រាក់កម្ចីមានភាពបត់បែនដល់កសិករដំាដុះស្វាយចន្ទី

សង្គម​និង​សេដ្ឋកិច្ច

ប្រធានសមាគមស្វាយចន្ទីកម្ពុជា អះអាងថា មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន២ បាននិងកំពុងចាប់អារម្មណ៍ក្នុងការផ្តល់ឥណទានដែលមានភាពបត់បែនដល់កសិករដែលជាសមាជិកសមាគម ខណៈដែលធនាគារSMEនិងធនាគារARDB មិនផ្តល់ជូនប្រាក់កម្ចីជាលក្ខណៈឯកបុគ្គល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា មានប្រសាសន៏ថា បច្ចុប្បន្នមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពីរដែលគាត់បានចាប់អារម្មណ៍ និងបានពិភាក្សាជាមួយសមាគមស្វាយចន្ទីហើយក្នុងការផ្តល់ឥណទានបត់បែនដល់កសិករ ក្នុងនោះមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ JC Finance របស់ជប៉ុន និងទី២គឺAMK ។

លោកបញ្ជាក់ថា «យើងកំពុងជជែកគ្នាជាមួយគ្រឹស្ថានទំាងពីរខាងលើ បើទោះបីការប្រាក់របស់គាត់ខ្ពស់បន្តិច ប៉ុន្តែភាពបត់បែនការឱ្យខ្ចីប្រាក់របស់ពួកគាត់គឺអាចទទួលយកបាន ដូចជាធនាគារSME គាត់អត់បានផ្តល់ជូនដល់កសិករទេ គាត់ផ្តល់ជូនតែទៅលើឧស្សាហកម្មការកែច្នៃ។ដោយឡែកធនាគារARDBគាត់ផ្តល់ជូនប្រាក់កម្ចីដល់ឧស្សាហកម្មកែច្នៃនិងផ្តល់ជូនខាងសហគមន៍ តែមិនផ្តល់ជូនឯកបុគ្គលទេ ។ប៉ុន្តែសម្រាប់ JC Finance និងAMK គាត់ផ្តល់ជូនទំាងអស់ ពិសេសគាត់ផ្តល់ជូនកម្ចីឯកបុគ្គលដល់កសិករដែលគាត់ត្រូវការកម្ចីណាមួយ »។

ប្រធានសមាគមស្វាយចន្ទី លោក អួន ស៊ីឡុត ថា «យើងគ្រោងធ្វើអនុស្សរណៈយោគយល់គ្នារវាងស្ថាប័នមីក្រូហិរញ្ញវត្ថុទំាងពីរខាងលើជាមួយសមាគមស្វាយចន្ទីកម្ពុជា ដើម្បីរកគន្លឹះណាមួយអាចជួយដល់កសិករបានដោយមិនឱ្យកសិករវណ្ឌករដោយសារបំណុល»៕

អត្ថបទ៖សារេត