ឯកឧត្តម ហ៊ុន ម៉ាណែត ចាត់ទុក​វេទិកា​សហព័ន្ធ​សហ​គ្រិន​កម្ពុជា ជា​វេទិកា​​​​ពង្រីក​​​បណ្តាញ​​​​របស់​សហ​គ្រិន​

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងក្នុងវេទិកាសហព័ន្ធសហគ្រិនកម្ពុជា ២០២៣ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចាត់ទុក វេទិកា​​សហព័ន្ធ​សហគ្រិនកម្ពុជា២០២៣ គឺជាវេទិកាបង្កជាបរិយាកាស​អំណោ​យ​​​​ផលសម្រាប់​ការបង្កើត និងពង្រីក​បណ្តាញ​នៃការទាក់ទងគ្នា ក៏ដូចជាការផ្លាស់ប្តូរមតិ​យោ​បល់ និងទស្សនាទានថ្មីៗ ដើម្បីជាប្រយោជន៍សម្រាប់សហគ្រិន ក្នុងការជំរុញ​បន្ថែមដល់​អាជីវកម្មដែល​កំពុងដំណើរការ។ លើសពីនេះ វេទិកាសហព័ន្ធសហគ្រិនកម្ពុជា ក៏ជាវេទិកាសហគ្រិនដំបូង និង​ធំ​ជាង​គេនៅកម្ពុជា ដោយមានការចូលរួមពីសហគ្រិនពីគ្រប់វិស័យ និងគ្រប់ទំហំអាជីវកម្ម ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា យោងតាម​បទពិសោធន៍នៃការផ្តល់យោបល់លើកិច្ចការ​មួយ​ចំនួនពាក់ព័ន្ធនឹ​ង​ភាព​ជាដៃគូរវាងរដ្ឋ និង​ឯកជន គឺតួអង្គទាំងពីរអាចរួមសហការគ្នា ប្រកបដោយ​ភាព​យោគយល់ និង ការទុកចិត្តខ្ពស់ ក្នុង​ការ​​អនុវត្តគោលនយោបាយ​នានារបស់រាជរដ្ឋាភិបាល ដែលអាចរួមចំណែក​យ៉ាងមានប្រសិទ្ធភាពក្នុងការដោះស្រាយនូវ​រាល់បញ្ហាប្រឈម​នា​នា បានដោយ​ភាព​រលូន។

ក្នុងន័យនេះ ឯកឧត្តមបណ្ឌិត សង្កត់ធ្ងន់ថា ជាទស្សនៈថ្មីមួយ គឺថាវិស័យឯកជនអាចមានច្រកចេញចូល​តែមួយ និងមាន​ភាពជាតំណាងច្បាស់លាស់ពីវិស័យ ឬ ផ្នែកនីមួយៗ ដើម្បីរួមសហការជាមួយរាជរដ្ឋាភិ​​បាល សំដៅលើក​កម្ពស់វិស័យ​ឧស្សាហកម្មនៅកម្ពុជា ជាពិសេស មីក្រូសហគ្រាស និងសហគ្រាស​ធុនតូច និងមធ្យម។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏កោតសរសើរចំពោះសមាគមសហគ្រិនស្ត្រីកម្ពុជា (CEWA), សមាគម​ម្ចាស់​​​​អាជីវកម្មជាដៃគូ (BNI Cambodia), សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC), សភា​យុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia), ​សមាគមទេសចរណ៍កម្ពុជា (CATA), សមាគមពាណិជ្ជកម្ម និង វិនិយោ​គកម្ពុជា-ជប៉ុន (CJBI) និងសមា​គម​​​​មិត្តយើង ដែលបានផ្តួចផ្តើមនិងសហការគ្នាក្នុងការរៀបចំវេទិកា​សហព័ន្ធសហគ្រិនកម្ពុជា២០២៣ ដ៏សំខាន់នេះឡើង ៕