សមាជិកព្រឹទ្ធសភា​កាណាដា អរគុណចំពោះទស្សនវិស័យឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អំពីសក្តានុពលទំនាក់ទំនងទ្វេភាគីកម្ពុជា-កាណាដា

សង្គម​និង​សេដ្ឋកិច្ច

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣នេះ ជួបពិភាក្សាការងារជាមួយនឹងលោក Victor Oh សមាជិកព្រឹទ្ធសភាកាណាដា ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា តាមការអញ្ជើញរបស់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុង Toronto ប្រទេសកាណាដា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានរំឭកអំពីទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-និងកាណាដា ជាពិសេសការចូលរួមរបស់កាណាដានៅក្នុងដំណើរការសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដូចជាតាមរយៈការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP ជាដើម។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯកក៏បានលើកឡើងផងដែរអំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន រួមមាន៖ វិស័យយោធា, ពាណិជ្ជកម្ម, វិនិយោគ, អប់រំ, ទេសចរណ៍ និងការងារ សំដៅធ្វើយ៉ាងណាផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងប្រទេស និងប្រជាជនទាំងពីរ ជាពិសេសតាមរយៈការជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចដើម្បីស្វែងយល់អំពីស្ថានភាពពិតនៃវឌ្ឍនភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ដូចទស្សនកិច្ចរបស់សមាជិកព្រឹទ្ធសភាកាណាដា នាឱកាសនេះ។

ជាការឆ្លើយតប លោក Victor Oh បានអរគុណចំពោះទស្សនវិស័យរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អំពីសក្តានុពលនៃទំនាក់ទំនងទ្វេភាគីកាណាដា-កម្ពុជា និងបានគូសបញ្ជាក់អំពីចំណងមិត្តភាពរឹងមាំរវាងរដ្ឋាភិបាល, ប្រជាជន និងប្រទេសទាំងពីរ ដោយក្នុងនេះ កាណាដាក៏ជាប្រទេសដ៏ធំមួយដែលនាំចូលទំនិញពីកម្ពុជា។

ទន្ទឹមនឹងនោះលោកក៏បានឯកភាពជាមួយនឹង ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងការផ្តោតកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត លើការជំរុញឱ្យកាន់តែសកម្មនូវទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះបម្រើឱ្យការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ។

ក្រៅពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្តូរទស្សនៈអំពីបញ្ហាអន្តរជាតិមួយចំនួន ជាពិសេសអំពីសារៈសំខាន់នៃគោលការណ៍អធិបតេយ្យរដ្ឋ, ការគោរពគ្នាទៅវិញទៅមក និងភាពចាំបាច់នៃការស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីដោះស្រាយវិបត្តិដែលកំពុងកើតមាននៅក្នុងតំបន់ និងសកលលោក៕