រដ្ឋមន្រ្តីក្រសួងទេសចរណ៍៖ កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ជាទឹកដីដ៏សែនមនោរម្យរបស់ភ្ញៀវទេសចរគ្រប់ទិសទីទូទាំងសកលលោក

សង្គម​ និង​សេដ្ឋកិច្ច

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងថា កម្ពុជាជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព មានការទទួលស្វាគមន៍រាក់ទាក់កក់ក្ដៅ ព្រមជាមួយនឹងសក្ដានុពលទេសចរណ៍សម្បូរបែប, គួបផ្សំនឹងវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ដ៏យូរលង់, ម្ហូបអាហារឆ្ងាញ់ពិសារ និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ដែលត្រូវបានទទួលស្គាល់ថាជា «ស្នាមញញឹមកម្ពុជា»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបានថ្លែងបែបនេះនៅក្នុងពិធីជជែកលើវិថីទេសចរណ៍ ក្រោមប្រធានបទ “សិល្បៈជាជ្រុងមួយនៃទេសចរណ៍” និង “ទេសចរណ៍សម័យបច្ចេកវិទ្យា” កាលពីយប់ថ្ងៃទី១៩ ខែតុលា​ ឆ្នាំ២០២៥ នាផ្លូវថ្មើរជើងចតុមុខ (Walk Street)។

ក្នុងឱកាសនោះ លោកបានលើកឡើងថា កម្មវិធីជជែកលើវិថីទេសចរណ៍ នេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីឆន្ទៈចូលរួម គំនិតផ្តួចផ្តើម ស្មារតីរួបរួមគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធទាំងផ្នែករដ្ឋ ឯកជន ប្រជាជន និងដៃគូសហការនានាបានរួបរួមគ្នាបង្កើតព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឡើង។

លោកបញ្ជាក់ថា ប្រទេសយើងស្ថិតនៅក្នុងម្លប់ដ៏ត្រជាក់នៃសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈមានភាពរឹងមាំ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសុខដុមនីយកម្មនៅក្នុងសង្គម បានកើតឡើងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បន្តមកដល់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំពោរពេញដោយថាមពល និងសន្ទុះនៃការបំពេញបេសកកម្មប្រកបដោយស្វាហាប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកក៏បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមអញ្ជើញមកដើរកម្សាន្តគោលដៅទេសចរណ៍នានា ឱ្យបានច្រើនកុះករ និងដើរកម្សាន្តប្រកបដោយទំនុកចិត្ត កម្ពុជាជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព មានការទទួលស្វាគមន៍រាក់ទាក់កក់ក្ដៅ ព្រមជាមួយនឹងសក្ដានុពលទេសចរណ៍សម្បូរបែប, គួបផ្សំនឹងវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ដ៏យូរលង់, ម្ហូបអាហារឆ្ងាញ់ពិសារ និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ដែលត្រូវបានទទួលស្គាល់ថាជា «ស្នាមញញឹមកម្ពុជា» ភាពស្លូតបូត និងការស្រលាញ់រាប់អានរបស់ប្រជាជនកម្ពុជាគ្រប់ៗគ្នា។

សូមបញ្ជាក់ដែរថា  រយៈពេល ៨ខែ ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិរហូតដល់ជាង ៤លាននាក់ ស្របពេលដែលទេសចរជាតិមានចំនួន ១៧,២៨លាននាក់ កើនឡើងជិត៥៣% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕