កម្ពុជា-កូរ៉េ ចាប់ផ្តើមធ្វើកិច្ចសហប្រតិបត្តិការលើរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន

សង្គម​និង​សេដ្ឋកិច្ច

បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងអង្គភាពសោធនជាតិកូរ៉េ ឈានទៅចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពី “កិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក” លើរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីចុះហត្ថលេខាស្តីពីកិច្ចសហប្រត្តិការគ្នាទៅវិញទៅមកកាលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គូសបញ្ជាក់ថា ពិធីចុះហត្ថលេខានេះ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីផ្តល់កិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក លើការអភិវឌ្ឍគោលនយោបាយ ការពង្រឹង និងការពង្រីកដែនវិសាលភាពរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ក្នុងគោលដៅផ្តល់អត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងអភិវឌ្ឍគ្រឹះ នៃការទំនាក់ទំនងដ៏រឹងមាំនាពេលអនាគត រវាងបេឡាជាតិសន្តិសុខសង្គម នៃព្រះរាជាណាចក្រកម្ពុជា និងអង្គភាពសោធនជាតិ នៃសាធារណរដ្ឋកូរ៉េ។  

លោកលើកឡើងថា  តាមរយៈការចែករំលែកនូវបទពិសោធន៍ ចំណេះដឹង និងការងារពាក់ព័ន្ធផ្សេងៗរបស់អង្គភាពសោធនជាតិ នៃសាធារណរដ្ឋកូរ៉េ ជាធាតុចូលបន្ថែម ដ៏មានសារៈសំខាន់បំផុត សម្រាប់ការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនក្នុងវិស័យសាធារណៈ និងវិស័យឯកជន ជាពិសេសម្រាប់បុគ្គលស្វ័យនិយោជន៍ ដើម្បីធានាថាប្រជាពលរដ្ឋទាំងអស់ទទួលបានសន្តិសុខប្រាក់ចំណូល សមធម៌សង្គម សេចក្តីថ្លៃថ្នូរ និងវឌ្ឍនភាពសង្គម ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញថា គ្មានទុកអ្នកណាម្នាក់ឱ្យនៅក្រៅសំណាញ់នៃការគ្របដណ្តប់របស់ប្រព័ន្ធសន្តិសុខសង្គមឡើយ។

លោករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ទៅលើបងប្អូនពលករទេសសន្តរប្រវេសក៍ ដែលធ្វើការចាកចេញពីប្រទេសកំណើតរបស់ខ្លួនដើម្បីបំពេញការងារ ហើយនៅពេលត្រឡប់មកប្រទេសកំណើតវិញ មិនទទួលបានការការពារពីប្រព័ន្ធសន្តិសុខសង្គម ដែលនេះគឺជាបញ្ហាប្រឈមមួយទាំងក្នុងកម្រិតថ្នាក់តំបន់ និងអន្តរជាតិ ។ ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តួចផ្តើមគំនិតរៀបចំនូវ សេចក្តីថ្លែងការណ៍អាស៊ានស្តីពី ចល័តភាពរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសក៍ក្នុងតំបន់អាស៊ាន ហើយត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ កាលពីខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ។ 

លោករដ្ឋមន្ត្រី អ៊ិត សំហេង គូសបញ្ជាក់ថា «ទាំងអស់នេះជាសមិទ្ធផលដ៏សំខាន់មួយទៀតរបស់កម្ពុជា ដែលបានបោះជំហានដ៏ធំឆ្ពោះទៅកាន់ការធ្វើចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសក៍អាស៊ាន ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍ និងឯកច្ឆន្ទភាពអាស៊ានស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍នៅក្នុងអាស៊ាន និងជាពិសេស លិខិតូបករណ៍ថា្នក់តំបន់មួយនេះ នឹងក្លាយជាក្របខណ្ឌសិក្សាសមិទ្ធិលទ្ធភាព រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ លើការជំរុញឱ្យមានកិច្ចព្រមព្រៀងទ្វេភាគី ស្តីពីការធ្វើចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសក៍នៃប្រទេសទាំងពីរ»។

លោក Kim Chi-mook នាយកមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិនៃអង្គភាពសោធនជាតិកូរ៉េ សង្ឃឹមថា អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលចំពោះស្ថាប័ននៃប្រទេសទាំងពីរ នឹងបង្កើតបណ្តាញជិតស្និទ្ធមួយ ដើម្បីបន្តការផ្លាស់ប្តូរព័ត៌មាន ធនធានមនុស្ស និងទំនាក់ទំនងសហប្រតិបត្តិការ ហើយលើសពីនេះទៀត ប្រព័ន្ធសោធននិវត្តន៍របស់សាធារណរដ្ឋកូរ៉េ និងកម្ពុជានឹងអភិវឌ្ឍន៍រួមគ្នា។ 

លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. លើកឡើងថា កន្លងមក បេឡាជាតិសន្តិសុខសង្គមនៃព្រះរាជាណាចក្រកម្ពុជា មានកិច្ចសហការយ៉ាងជិតស្និតជាមួយស្ថាប័នសន្តិសុខសង្គមនៃសាធារណរដ្ឋកូរ៉េ រួមមាន កិច្ចសហការជាមួយអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ អង្គភាពធានារ៉ាប់រងសុខភាពជាតិ ជាពិសេសកិច្ចសហការជាមួយអង្គភាពសោធនជាតិ ពាក់ព័ន្ធទៅនឹងការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន។

យោងតាមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបញ្ជាក់ថារហូតមកដល់បច្ចុប្បន្នក្រសួងបានផ្តល់ឱកាសការងារជូនពលករកម្ពុជាដែលកំពុងស្នាក់នៅនិងធ្វើការនៅក្រៅប្រទេសសរុប១,៣លាននាក់ក្នុងនោះប្រទេសថៃមានចំនួន១,២លាននាក់,កូរ៉េ៤៩.៧៣៨នាក់,ជប៉ុន១៦.៥៦២នាក់,ម៉ាឡេស៊ី២២.៦២១នាក់សឹង្ហបូរី៨៥១នាក់,តំបន់រដ្ឋបាលពិសេសហុងកុង២១៥នាក់និងអារ៉ាប់ប៊ីសាអូឌីត១១នាក់ ជាមធ្យមពលករបានបញ្ជូនប្រាក់បញ្ញើមកក្នុងប្រទេសវិញក្នុងមួយឆ្នំាៗសរុបប្រមាណ២,៧ប៊ីលានដុល្លារអាមេរិក៕ អត្ថបទ៖ សារេត