អាជ្ញាធរ ណែនាំ​ឲ្យមន្ត្រីជំនា​ញ​សិក្សា​​​ដាក់​​សាឡាង​​ចម្លង​ពី​កោះ​នរា ​ទៅ​ជ្រោយ​​ចង្វារ ដើម្បី​​ដោះ​ស្រា​យ​​​ភាព​ក​ក​​ស្ទះ

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើ​ការ​សិក្សា​​​ដាក់សាឡាង ដើម្បី​ឱ្យអ្នកធ្វើដំណើរឆ្លងពីកោះនរា ឆ្ពោះមកតំបន់ជ្រោយចង្វារ បន្ថែមលើ​សាឡាងចម្លង​ពីកោះនរា ឆ្ពោះមកកោះ​ពេជ្រដែល​មានបច្ចុប្បន្ន ដើម្បីដោះ​ស្រាយភាពកកស្ទះចរាចរណ៍​ខ្លាំងនៅបរិវេណ​ការដ្ឋានសាងសង់ស្ពានអាកាស​ព្រះ​មុនី​វង្ស ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការណែនាំឲ្យសិក្សាបន្ថែមសាឡាងនេះ​ គឺជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយ៥ចំនុច ដែលជាលទ្ធផលក្នុង កិច្ចប្រជុំពិភាក្សាបន្ទាន់ដើម្បីដំណោះ​ស្រាយភាពកកស្ទះចរាចរណ៍ខ្លាំ​ងនៅបរិវេណការដ្ឋានសាងសង់ស្ពាន​អាកាស​​ព្រះមុនី​វង្ស កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។​

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានណែនាំ​ឱ្យក្រុម​ហ៊ុន​សាងសង់ធ្វើការបង្រួមរបងហ៊ុំព័ទ្ធការ​ដ្ឋានឱ្យបាន តូច​បំផុត​តាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីទុក​លំហូរចរាចរណ៍បានធំ ហើយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធត្រូវបន្ថែម កម្លាំងសមត្ថកិច្ចប្រចាំការ ដើម្បីជួយដោះស្រាយបញ្ហាកកស្ទះ​ចរាចរណ៍​​នៅ​ពេល​ចរាចរណ៍មមាញឹក។

ដោយឡែក ប្រជាពលរដ្ឋដែលនៅជុំវិញតំបន់ការដ្ឋាន គឺរដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវបញ្ឈប់ការ​ប្រើ​ប្រាស់​ចិញ្ចើម​ផ្លូវ សម្រាប់ធ្វើការតាំងលក់ បម្រើឱ្យអាជីវកម្មលក់ដូររបស់ខ្លួន។ រីឯអ្នកទិញ​ទំនិញមិន​ត្រូវធ្វើឈប់ចតលើទ្រូងផ្លូវឡើយ ហើយ​សមត្ថកិច្ច ត្រូវចុះរៀបចំសណ្តាប់ធ្នាប់ ដោយចាត់​វិធានការ​រដ្ឋ​បាល​ ​ចំពោះអ្នកដែលនៅតែប្រើប្រាស់ចិញ្ចើមផ្លូវ ធ្វើការជាកន្លែងលក់ដូរ។

គួរបញ្ជាក់ថា បន្ទាប់ពីមានភាពកកស្ទះចរាចរណ៍​ខ្លាំងនៅបរិវេណការដ្ឋានសាងសង់ស្ពានអាកាស​ព្រះ​មុនី​វង្ស កាលពី​ថ្ងៃទី​០១ ខែមីនា ឆ្នាំ២០២៣មក អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យក្រុម​ការងារបច្ចេក​ទេសធ្វើការប្រជុំពិភាក្សាបន្ទាន់​កាលពីថ្ងៃទី​០៣ ខែមីនា ដើម្បីរក​ដំណោះស្រាយ។ អត្ថបទ៖​ ពុទ្ធិកា