ធនាគារ ADB បង្ហាញគោលបំណងចូលខ្លួនមកចូលរួមដោះស្រាយបញ្ហាស្ទះចរាចរណ៍នៅភ្នំពេញ

សង្គម​និង​សេដ្ឋកិច្ច

លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអម​នាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជួបពិភាក្សាការងារជាមួយលោក Daisuke Mizusawa មន្រ្តីជំនាញការជាន់ខ្ពស់ផ្នែកដឹកជញ្ជូន នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ លោក Daisuke Mizusawa បានបង្ហាញពីគោលបំណងនៃការ​សិក្សាលើការរៀបចំផែនការយុទ្ធសាស្រ្ត សម្រាប់ការអភិវឌ្ឍវិស័យដឹកជញ្ជូនសាធារណៈនៅ​ក្នុងទីក្រុង ដើម្បីដោះស្រាយបញ្ហាការកក ស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ ​ដោយការសិក្សានេះធ្វើឡើងក្រោមក្របខ័ណ្ឌហិរញ្ញប្បទានជំនួយបច្ចេកទេសរបស់ជប៉ុន គ្រប់គ្រងដោយ ADB និងកម្មវិធីភាពជាដៃគូ MobiliseYourCity របស់ភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ។

លោកថា តាមការសិក្សាបានបង្ហាញនូវលទ្ធភាពនៃជម្រើសមួយចំនួន សម្រាប់​ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ​និងតម្រូវការវិនិយោគលើគម្រោង​ប្រព័ន្ធដឹកជញ្ជូន​សាធារណៈតាមរថយន្តក្រុងផងដែរ។ បញ្ហានេះក្រុមបេសកកម្មរបស់ ADB ក៏បានស្នើសុំមតិណែនាំ​ជាយុទ្ធសាស្រ្ត ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​ដើម្បីជំរុញការសិក្សា ​អាចឆ្លើយតបចំគោលដៅ និងដោះស្រាយបានចំៗ។

ក្នុងជំនួបដដែលនោះ លោក វង្សី វិស្សុត បានស្វាគមន៍ចំពោះជំនួយបច្ចេកទេស​ដ៏មានសារៈសំខាន់នេះ នៅក្នុង​បរិការណ៍ដែលប្រទេសកម្ពុជា​កំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយកំណើនខាងផ្នែក​នគរូបនីយកម្ម ក៏មានល្បឿនលឿន ពិសេសក្នុងរាជធានីភ្នំពេញ និងទីក្រុងនៅតាមបណ្តាខេត្ត​មួយចំនួន ខណៈដែលបញ្ហាការកកស្ទះចរាចរណ៍​ និងប្រសិទ្ធភាពនៃមធ្យោបាយដឹកជញ្ជូន បានកំពុងក្លាយជាបញ្ហាប្រឈមពីមួយថ្ងៃទៅមួយថ្ងៃ។

បើតាមលោក វង្សី វិស្សុត ចំពោះការរៀបចំយុទ្ធសាស្រ្តនេះ ត្រូវតែផ្អែកលើផែនការ​នគរូបនីយកម្ម ផែនការមេអភិវឌ្ឍន៍ទីក្រុង ផែនការមេនៃការអភិវឌ្ឍន៍ហេដ្ឋារចសម្ព័ន្ធ តភ្ជាប់ទីក្រុងទៅប៉ូលសេដ្ឋកិច្ច និងផែនការមេអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ក្នុងទីក្រុង ព្រមទាំងផែនការអភិវឌ្ឍន៍ផ្សេងៗទៀតក្នុងទីក្រុង។ ក្រៅពីនេះការអភិវឌ្ឍន៍វិស័យដឹកជញ្ជូនសាធារណៈ នៅទីក្រុងក៏ត្រូវគិតគូរថែមទៀត ទៅដល់​មធ្យោបាយដឹកជញ្ជូនផ្សេងៗដូចជា រថភ្លើងលើអាកាស រថភ្លើងក្រោមដី និងរថភ្លើង ធម្មតាជាដើម។

ដោយឡែកចំពោះការរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុង លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា ត្រូវមានការគិតគូរ​ដល់​របៀងដឹកជញ្ជូន និងតម្រាយផ្លូវ និងកក្តាការចូលរួមគាំទ្រក្នុងការប្រើប្រាស់របស់ប្រជាជន។ ក្រៅពីនេះគឺត្រូវសិក្សាបន្ថែមថា ​តើរថយន្តក្រុង ទាំងនោះ ជាប្រភេទរថយន្តដែលប្រើប្រាស់​ថាមពលប្រេង ឬក៏អគ្គិសនី ​ដើម្បីគ្មានការបំភាយឧស្ម័នការបូនិចប៉ះពាល់ដល់បរិស្ថាន៕