រាជរដ្ឋាភិបាលដាក់គោលដៅមិនឲ្យកម្ពុជាធ្លាក់ចូលក្នុងបញ្ជីប្រផេះជាថ្មីនៃក្រុមប្រទេសមានហានិភ័យលាងលុយកខ្វក់

សង្គម​និង​សេដ្ឋកិច្ច

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងតែបន្ដខិតខំប្រឹងប្រែង ដើម្បីធ្វើយ៉ាងណាមិនឲ្យប្រទេសកម្ពុជាធ្លាក់ចូលក្នុងបញ្ជីប្រផេះជាថ្មី នៃក្រុមប្រទេសដែលមានហានិភ័យអំពើលាងលុយកខ្វក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
សម្តេចក្រឡាហោម ស ខេង ក្នុងពិធីបិទសន្និបាទរបស់រដ្ឋបាលរាជធានីភ្នំពេញ

ថ្លែងក្នុងឱកាសពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង លើកឡើងគូសបញ្ជាក់ថា «បើទោះបីអង្គការ FATF បានដកប្រទេសកម្ពុជា ចេញពីបញ្ជីប្រផេះក៏ពិតមែន ប៉ុន្ដែរាជរដ្ឋាភិបាលកម្ពុជា មិនទាន់ស្កប់ស្កល់នូវអ្វីដែលទទួលបាននៅពេលនេះទេ ពោលអ្វីដែលធ្វើបន្ដទៀតនោះ គឺប្រឹងប្រែងដើម្បីកុំឲ្យកម្ពុជាធ្លាក់ចូលបញ្ជីប្រផេះជាថ្មី»។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា គណៈកម្មការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ កំពុងតែរៀបចំនូវរបាយការណ៍បូកសរុបដកពិសោធន៍ ហើយបន្ទាប់ពីនោះនឹងធ្វើការប្រជុំដើម្បីប្រមូលនូវមតិយោបល់ ឬធាតុចូលនានាហើយដាក់ចេញនូវវិធានការអនុវត្តបន្ដទៀត ដើម្បីធានាថា ធនាគារប្រផេះ ឬខ្មៅ មិនអាចវិលត្រឡប់មកវិញ ហើយយើងមិនត្រូវមោទនភាពភ្លេចខ្លួនធ្វើអ្វីដែលនាំឲ្យប៉ះពាល់អាច នឹងធ្លាក់ក្នុងបញ្ជីប្រផេះដូចមុនទេ ព្រោះយើងធ្លាប់ធ្លាក់ម្ដងហើយ។

សម្ដេចក្រឡាហោម បានសង្កត់ធ្ងន់ថា «កិច្ចការងារនេះមិនមែនបុគ្គលណា ឬអង្គភាពណាធ្វើតែម្នាក់ឯងបានទេ គឺត្រូវតែរួមជាមួយគ្នាទាំងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធ។ ទន្ទឹមនឹងនេះ ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងបទល្មើសមិនប្រពៃណីផ្សេងទៀត ក៏នៅតែជាកម្មវត្ថុដែលយើងមិនអាចបន្ថូរបន្ថយបានទេ ព្រោះក៏ជះឥទ្ធិពលដល់ការសម្អាតប្រាក់ដែរ ឬបញ្ហាដទៃទៀត»។

សូមជម្រាបជូនថា អង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF) នៅទីក្រុងប៉ារីស កាលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រកាសដកប្រទេសកម្ពុជាចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់ ក្រោយជាប់ក្នុងបញ្ជីនេះអស់រយៈពេល៤ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ២០១៩មក៕