ADB ផ្តល់កម្ចី ១០០ លានដុល្លារ លើកិច្ចការលើកកម្ពស់សមត្ថភាពកម្លាំងពលកម្មរបស់កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រេចអនុម័តប្រាក់កម្ចី១០០លានដុល្លារ ដើម្បីជួយលើកកម្ពស់សមត្ថភាពកម្លាំងពលកម្មរបស់កម្ពុជា ដោយដោះស្រាយគម្លាត និងកង្វះខាតជំនាញ ខណៈដែលកម្មវិធីនេះ នឹងធ្វើឡើងតាមរយៈកំណែទម្រង់ និងការវិនិយោគលើវិស័យអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) រួមជាមួយនឹងការចូលរួមពីវិស័យឯកជនជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលផ្សាយចេញ នៅថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ADB បាន សម្រេចផ្តល់កម្ចីចំនួន ១០០ លានដុល្លារនេះ នឹងជួយប្រែក្លាយកម្ពុជាទៅជាសេដ្ឋកិច្ចឧស្សាហកម្មដែលផ្អែកលើចំណេះដឹងនិងជំរុញដោយបច្ចេកវិជ្ជា តាមរយៈការ ពង្រឹងធនធានមនុស្ស ដោយផ្តោតលើការលើកកម្ពស់បរិយាកាសអភិវឌ្ឍន៍ជំនាញរបស់ប្រទេស ផ្ដល់ការ បណ្តុះបណ្តាលប្រកបដោយបរិយាបន្នដែលនាំមុខដោយឧស្សាហកម្ម និងកៀរគរមូលនិធិបន្ថែមសម្រាប់ ការអភិវឌ្ឍជំនាញដែលផ្ដោតលើតម្រូវការ។

ជាមួយគ្នានេះ នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា លោកស្រី Jyotsana Varma មាន ប្រសាសន៍ថា «ការកែទម្រង់កម្លាំងពលកម្ម និងការធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់កម្ពុជា ទាមទារឱ្យមាន កំណែទម្រង់ជាបន្តនៃប្រព័ន្ធ TVET តាមរយៈយុទ្ធសាស្ត្រស៊ីជម្រៅ និងការវិនិយោគជាបន្តបន្ទាប់ ឱ្យទាន់ ពេលវេលា ។ កំណែទម្រង់រចនាសម្ព័ន្ធ និងស្ថាប័នTVETទាំងនេះ មានសារសំខាន់សម្រាប់ការរៀបចំកម្ម វិធីបណ្តុះបណ្តាលដែល ឆ្លើយតបនឹងតម្រូវការទីផ្សារ ធ្វើឱ្យប្រសើរឡើងនូវទីតាំងនិងឧបករណ៍បណ្ដុះ បណ្តាល និងពង្រីកមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។»

បើតាម ADB បានបញ្ជាក់ថា មូលនិធិអភិវឌ្ឍន៍ជំនាញ ត្រូវបានសាកល្បងដោយរាជរដ្ឋាភិបាល ក្រោមគម្រោងជំនាញសម្រាប់ ភាពប្រកួតឈ្នះ ផ្តល់ហិរញ្ញប្បទានដោយ ADB ដែលត្រូវបានអនុម័តក្នុងឆ្នាំ ២០១៩ ដើម្បីបង្កើនជំនាញ និងសមត្ថភាពប្រកួតប្រជែងនៃកម្លាំងពលកម្មដែលកំពុងកើនឡើងរបស់កម្ពុជា។ ការដាក់សាកល្បង SDFនេះ បាននឹងកំពុងឆ្លើយតបទៅនឹងតម្រូវការបណ្តុះបណ្តាលជំនាញសម្រាប់វិស័យឧស្សាហកម្ម តាមរយៈ ភាពជាដៃគូសហហិរញ្ញប្បទានជាមួយស្ថាប័នរាជរដ្ឋាភិបាល ផ្នែកឧស្សាហកម្ម ភ្នាក់ងារផ្ដល់ការបណ្ដុះ បណ្តាល និងដៃគូអភិវឌ្ឍន៍នានា។

ជាងនេះទៀត ADB បានឱ្យដឹងដែរថា បញ្ហាប្រឈមសំខាន់ៗចំនួនបីរួមចំណែកជាឧបសគ្គទូទៅ ដែលកំពុងជាបញ្ហាប្រឈមសម្រាប់ ប្រព័ន្ធ TVET កម្ពុជាគឺ កង្វះកម្មវិធីអភិវឌ្ឍន៍ជំនាញជាក់លាក់និងស៊ីជម្រៅសម្រាប់បដិវត្តន៍ឧស្សាហកម្ម ទីបួន, ភាពមានកម្រិតនៃតួនាទីរបស់វិស័យឯកជនក្នុងការអភិវឌ្ឍជំនាញ និងនៃចក្ខុវិស័យអន្តរកម្មរបស់ ឧស្សាហកម្មនានា និងការផ្ដល់ហិរញ្ញប្បទាន និងភាពជាដៃគូមិនទាន់បានពេញលេញ ក្នុងការអភិវឌ្ឍជំនាញ។ ការរួមគ្នានៃបញ្ហាប្រឈមទាំងនេះ កំណត់ភាពអាចទទួលបានការងារធ្វើនិងផលិតភាពនៃ កម្លាំង ពលកម្មបច្ចុប្បន្ននិងអនាគត ហើយអាចរារាំងប្រទេសកម្ពុជាក្នុងដំណាក់កាលក្រោយជំងឺរាតត្បាត ពីការធ្វើ ពិពិធកម្ម និង អន្តរកម្មទៅជាសេដ្ឋកិច្ចផ្អែកលើចំណេះដឹង កម្មវិធីជំនាញសម្រាប់សេដ្ឋកិច្ចនាពេល អនាគតនឹងជួយដោះស្រាយបញ្ហាប្រឈមទាំងនេះ។

លើសពីនេះ ADB បានបន្តថា មានអ្នកធ្វើការប្រមាណ ៩លាននាក់ក្នុងទីផ្សារការងារនៅកម្ពុជា ដែលក្នុងនោះមានស្ត្រី ៤៩% ន កម្លាំងពលកម្មទាំងនោះ។ គិតត្រឹមឆ្នាំ ២០២១ ប្រជាពលរដ្ឋកម្ពុជា៥៤%មានអាយុក្រោម ៣០ ឆ្នាំដែល នេះបង្ហាញពីឱកាសពិសេសមួយសម្រាប់ប្រទេសក្នុងការបង្កើនការវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស ដើម្បីបង្កើនជំនាញសម្រាប់និយោជិតថ្មីចូលទៅក្នុងទីផ្សារការងារ និងលើកកម្ពស់ជំនាញរបស់និយោជិត ដែលកំពុងបំពេញការងារទៅតាមតម្រូវការឧស្សាហកម្មផងដែរ៕

អត្ថបទ៖ ពិសី