កម្ពុជា-ឡាវ ឯកភាព ក្នុងការតភ្ជាប់គោលដៅទេសចរសំខាន់ៗ តាមរយៈការបើកជើងហោះហើរបន្ថែម

សង្គម​និង​សេដ្ឋកិច្ច

ឧបនាយករដ្ឋមន្រ្តីសាធារណរដ្ឋប្រជាមានិតឡាវ និងរដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានឯកភាពគ្នា ក្នុងការតភ្ជាប់គោលដៅទេសចរសំខាន់ៗ តាមរយៈការបើកជើងហោះហើរបន្ថែមទៀត។ ការឯកភាពរវាងភាគីទាំងពីរ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម រវាងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា និងលោក គិកែវ ខាយ ខាំភិធូន ឧបនាយករដ្ឋមន្រ្តីឡាវ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នាទីក្រុងវៀងចន្ទ៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងឱកាសនោះ លោក គីកែវ ខាយ ខាំភូធូន បានលើកឡើងថា លោក មានអារម្មណ៍រំភើបចំពោះដំណើរទស្សនកិច្ចរបស់ លោករដ្ឋមន្រ្តី និងបានរំលឹកលទ្ធផលប្រកបដោយផ្លែផ្កានៃដំណើរទស្សនកិច្ច របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។ លើសពីនេះ លោក នៅតែចាំមិនភ្លេច និងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់ជំនួយជាវ៉ាក់សាំង សម្ភារពេទ្យ និងថវិកាដល់រដ្ឋាភិបាលឡាវសម្រាប់ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ដែលរហូតមកដល់ពេលនេះ ប្រទេសឡាវអាចបើកដូចធម្មតាវិញ។

ជាមួយគ្នានោះ ភាគីទាំងពីរ ក៏បានឯកភាពគ្នា ក្នុងការតភ្ជាប់គោលដៅទេសចរណ៍សំខាន់ៗ នៃប្រទេសទាំងពីរតាមរយៈការបើកជើងហោះហើរបន្ថែម និងបានទទួលយកទៅពិនិត្យ ដើម្បីជំរុញឲ្យអាកាសចរឡាវ បើកការហោះហើរបន្ថែមមកកាន់កម្ពុជា។

គួរឱ្យដឹងផងដែរថា ថោង ខុន ក៏បានចូលជំនួបទ្វេភាគី ជាមួយ លោកជំទាវ សួនសាវ៉ាន់ វិញ៉ាកេត រដ្ឋមន្រ្តីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ ដើម្បីពិភាក្សាលើសក្តានុពលក្នុងការជំរុញលំហូរទេសចររវាងប្រទេសទាំងពីរ និងពីប្រទេសទីបី និងពិនិត្យលើលទ្ធផលនៃកិច្ចប្រជុំឧត្តមមន្រ្តីទេសចរណ៍កម្ពុជា-ឡាវលើកទី២ កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ផងដែរ។ដោយភាគីទាំងពីរ បានពិនិត្យឃើញដូចគ្នានូវសក្តានុពលនៃហេដ្ឋារចនាសម្ព័ន្ធថ្មីៗក្នុងប្រទេសទាំងពីរ ដែលជាកាតាលិករសម្រាប់ទាក់ទាញភ្ញៀវទេសចរប្រទេសទាំងពីរ និងតំបន់។

ក្នុងនោះ រដ្ឋមន្រ្តីទាំងពីរ យល់ស្របគ្នាក្នុងការជំរុញឱ្យមន្រ្តីទេសចរណ៍នៃប្រទេសទាំងពីរពិនិត្យលើការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន ជាពិសេសទេសចរណ៍បើកបរដោយខ្លួនឯងឆ្លងកាត់កម្ពុជា ប្រើប្រាស់ផ្លូវល្បឿនលឿន មកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជា និងអាចឱ្យទេសចរកម្ពុជាអាចកំសាន្តតាមរថភ្លើងល្បឿនលឿនរបស់ឡាវពីទីក្រុងវៀងចន្ទន៍ទៅតំបន់ទាក់ទាញផ្សេងៗរបស់ឡាវ ជាពិសេសថែមទៀតនោះ គឺការជំរុញលំហូរទេសចរចិន និងប្រទេសទីបីផ្សេងទៀតមក ប្រទេសទាំងពីរតាមរយៈសក្តានុពលនៃរថភ្លើងល្បឿនលឿនរបស់ឡាវ ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ និងទេសចរណ៍បើកបរដោយខ្លួនឯងឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរ។

គួរគូសបញ្ជាក់ថា ទាក់ទងនឹងការហោះហើរ ភាគីកម្ពុជា បានស្វាគមន៍ និងត្រៀមពិនិត្យសម្រួលផ្តល់គោលនយោបាយ ពិសេសក្នុងការហោះហើរវៀងចន្ទន៍ ភ្នំពេញ ក្រុងព្រះសីហនុ ឬអាចសុំសិទ្ធនិងគោលនយោបាយ ពិសេសផ្សេងទៀត តាមការស្នើសុំរបស់មិត្តឡាវ៕

អត្ថបទ៖ ស៊ីណាត