ឧកញ៉ា ចាន់ សុឃាំង អំពាវនាវប្រជាកសិករដាំដុះស្រូវដែលទីផ្សារត្រូវការ កុំដាំដុះស្រូវនិយមតាមគ្នាអាចខាតបង់ប្រាក់ចំណូល

សង្គម​និង​សេដ្ឋកិច្ច

ស្របពេលប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាមើលឃើញថាតម្លៃស្រូវនៅរយៈពេល ២ឆ្នាំ ចុងក្រោយនេះ នៅរក្សាបានថ្លៃល្អ ពិសេសស្រូវប្រាំងប្រជាកសិករ គឺនៅតែអាចលក់បានតម្លៃខ្ពស់ បើប្រៀបធៀបតម្លៃនាពេលបច្ចុប្បន្ននេះ ទៅនិងថ្លៃស្រូវនៅឆ្នាំមុនៗ លោកឧកញ៉ា ចាន់ សុឃាំង បានអំពាវនាវទៅដល់ប្រជាកសិករនៅតាមតំបន់ទាំងអស់ សូមធ្វើការដាំដុះប្រភេទស្រូវណា ដែលទីផ្សារត្រូវការ សូមកុំដាំដុះស្រូវនិយមតាមគ្នា អាចបាត់បង់ប្រាក់ចំណូលពេលប្រមូលផល។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ចាន់សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា មានប្រសាសន៍ពន្យល់ថា៖ “កសិករធ្វើស្រែបានងាកមកផលិតស្រូវប្រភេទOM5451នេះ ហើយមានការដាំដុះច្រើន សឹងនៅគ្រប់កន្លែង អុីចឹង! យើងឃើញថា ស្រូវសែនក្រអូប មានការដាំដុះតិចតួច, ស្រូវ IR85 ជាមួយស្រូវ IR504 ក៏មានការដាំដុះតិចតួច។ ដូចច្នេះ តែកាលណាប្រជាកសិករ លោកងាកទៅធ្វើការដាំដុះនូវប្រភេទណាមានចំនួនច្រើន តម្លៃស្រូវនោះវាមានតម្លៃទាបជាងគេបន្តិចហើយ។ តួយ៉ាង ស្រូវប្រភេទ OM5451 មានតម្លៃរាងទាបជាងប្រភេទស្រូវ IR504 ដោយសារអ្នកទទួលទិញស្រូវ IR504គេនៅរក្សាតម្លៃបាន។”

យ៉ាងណាមិញ ដើម្បីចៀសផុត ពីបញ្ហាតម្លៃស្រូវប្រែប្រួលនៅលើទីផ្សារតាមតំបន់ ប្រធានសហព័ន្ធស្រូវអង្ករ ឧកញ៉ា ចាន់ សុឃាំង មានប្រសាសន៍ថា៖ “យើងខ្ញុំ ជាថ្មីម្ដងទៀត សូមអំពាវនាវដល់បងប្អូនកសិករធ្វើយ៉ាងម៉េច ដាំដុះស្រូវទៅតាមតម្រូវការទីផ្សារ ហើយស្នើសុំឱ្យដាំដុះ មានភាពចម្រុះ កុំដាំដុះតាមគ្នា ជាពិសេស កសិករលោក អាចទៅរករោងម៉ាស៊ីន ឬសហគមន៍ នៅក្បែរពួកគាត់ ដើម្បីប្រឹក្សាយោបល់ផ្ទាល់ ពីផែនការដាំដុះនេះ ឱ្យបានច្បាស់លាស់ ចៀសវាងការខាតបង់ប្រាក់ចំណូល ពេលរដូវប្រមូលផលចូលមកដល់”។

លោកឧកញ៉ា ក៏បានគូសបញ្ជាក់ដែរថា តម្លៃអង្ករនៅលើទីផ្សារអន្តរជាតិបាន ចុះថ្លៃពី៤០ ទៅ៥០ដុល្លារអាមេរិក ក្នុងមួយតោនឥលូវនេះ មិនមែនចុះត្រឹមតែតម្លៃស្រូវនៅវាលស្រែនោះតម្លៃអង្ករក៏ចុះថ្លៃដែរ។ អត្ថបទ៖សារេត