អ្នករកស៊ីមកពីសហរដ្ឋអាមេរិក បង្ហាញការចាប់អារម្មណ៍វិនិយោគនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

គណៈប្រតិភូវិនិយោគិនសហរដ្ឋអាម៉េរិក មកកាន់កម្ពុជាដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគ ដែលដឹកនាំដោយលោក ហួត គីមឆា អគ្គកុងស៊ុលកិត្តិយសកម្ពុជា ប្រចាំទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំនួបពិភាក្សាការងារជាមួយមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២១ ខែមីនាម្សិលមិញ គណៈប្រតិភូសហរដ្ឋអាម៉េរិក បានសរសើរពីកិត្យានុភាពកម្ពុជា ពិសេសផលិតផលកសិកម្ម ដូចជា ផលិតផលអង្ករកម្ពុជា ដែលទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងរយៈពេល៥ឆ្នាំជាប់គ្នា។

ទន្ទឹមនឹងនេះដែរ តំណាងក្រុមហ៊ុន Singpoli Group សហរដ្ឋអាម៉េរិកក៏បានបង្ហាញពីការចាប់អារម្មណ៍ខ្ពស់ ក្នុងការចាប់យកឱកាសវិនិយោគនៅកម្ពុជាតែម្តង។

នៅក្នុងជំនួបដដែលនោះ លោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តខ្ពស់ចំពោះក្រុមហ៊ុនសហរដ្ឋអាម៉េរិកដែលមានបំណងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ក៏ដូចជាការសហការវិនិយោគជាមួយដៃគូក្នុងស្រុកផងដែរ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច​កម្ពុជា។

ជាងនេះទៅទៀត លោករដ្ឋលេខាធិការ បានជម្រាបប្រាប់គណៈប្រតិភូសហរដ្ឋអាមេរិកអំពីស្ថានភាពបរិយាកាសវិនិយោគដ៏ល្អរបស់កម្ពុជា ក៏ដូចជានីតិវិធីផ្សេងៗក្នុងការស្នើសុំបង្កើតក្រុមហ៊ុន រោងចក្រ ធនាគារ និងលើកទឹកចិត្តខ្ពស់ចំពោះការវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជាដែលមានតម្រូវការខ្ពស់ និងទីផ្សារល្អ។

ជាមួយគ្នានោះ លោកក៏បានសម្តែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលមានការកើនឡើងគួរអោយកត់សម្គាល់ បើទោះជាមានវិបត្តិកូវីតយ៉ាងណាក៏ដោយ។

សូមជម្រាបជូនថា ការនាំចេញ-នាំចូលទំនិញរវាងកម្ពុជា និងអាមេរិក មានទឹកប្រាក់សរុបជាង ៨,៥ ពាន់លានដុល្លារក្នុងរយៈពេល ១១ ខែឆ្នាំ ២០២២ កើនជាង ១/៥ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលក្នុងនោះការនាំទំនិញពីកម្ពុជានាំទៅអាមេរិក គ្របដណ្តប់រហូតជាង ៩៦ ភាគរយនៃចំនួនទឹកប្រាក់នាំចេញ-នាំចូលសរុប។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងថា ចាប់ពីខែមករាដល់ខែវិច្ឆិកា ឆ្នាំ ២០២២ ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា-អាមេរិក មានតម្លៃសរុប ៨ ៥១០,៤១៣ លានដុល្លារកើនឡើង ២១,៨ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមានចំនួន ៦ ៩៨៧,៩៩១លានដុល្លារ៕