សម្តេចតេជោ ហ៊ុន សែន អំពាវនាវពលរដ្ឋកុំឃើញធនាគារអាមេរិកដួលរលំនាំគ្នាសម្រុកដកប្រាក់ធនាគារក្នុងស្រុកខ្លួនឯង

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងចេញពីមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃពុធ ទី២២ ខែមីនានេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃវិទ្យាស្ថានវ៉ាន់ដា សម្តេចតេជោ ហ៊ុន  សែន នាយករដ្ឋមន្រ្តី បានអំពាវនាវប្រជាពលរដ្ឋកម្ពុជាសារជាថ្មី សូមកុំស្លន់ស្លោពាក់ព័ន្ធការដួលរលំ នៃធនាគារអាម៉េរិកចំនួនពីរ កាលពេលថ្មីៗនេះ។ ការណ៍នេះសម្តេចបញ្ជាក់ថា «កុំឃើញធនាគារនៅអាម៉េរិកប៉ុន្មានដួលរលំ បែរជានាំគ្នាទៅដកប្រាក់នៅធនគារក្នុងស្រុក នាំឱ្យធនាគារក្នុងស្រុកខ្លួនឯងដួលរលំនោះ…[]»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា៖ «ធនាគារអាម៉េរិកមានរាប់រយធនាគារ ដូច្នេះកុំទៅភ័យដែលគ្រាន់តែធនាគាររបស់អាម៉េរិក២ មានការដួលរលំនោះ។ សម័យនេះ ក៏ជាសម័យកាលនៃការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចក្នុងតំបន់ និងភិពលោកក៏ដូចគ្នា។ ដូច្នេះដំណាក់កាលនេះ ជាដំណាក់កាលប្រកួតប្រជែង ប៉ុន្ដែសូមកុំប្រកួតប្រជែងដើម្បីសម្លាប់គ្នា ប៉ុន្ដែសូមប្រកួតប្រជែងដើម្បីការលូតលាស់ទាំងអស់គ្នា»។

ជាមួយគ្នានេះដែរ មន្ត្រីជាន់ខ្ពស់របស់ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការដួលរលំធនាគារមួយចំនួននៅសហរដ្ឋអាមេរិកមិនមែនកើតឡើងដោយសារតែបញ្ហាធំដុំអ្វីនោះទេ ពោលគឺកើតមានឡើងដោយសារតែភាពជ្រួលច្របល់របស់ប្រជាពលរដ្ឋអាមេរិក សម្រុកនាំគ្នាទៅដកលុយពីធនាគារយ៉ាងគំហុក។ ទោះជាយ៉ាងនេះក្តី លោកស្រី ជា សិរី អគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានអះអាងថា សម្រាប់កម្ពុជានៅតែបន្តការងារតាមដានថា នឹងមានឥទ្ធិពលដល់សេដ្ឋកិច្ចអាមេរិកដោយផ្ទាល់ ឬមានឥទ្ធិពលប្រយោលមកលើកម្ពុជាបែបណា ដើម្បីរៀបចំវិធានការទប់ស្កាត់ឱ្យបានទាន់ពេលេវេលា។ 

លោកស្រីបានសង្កត់ធ្ងន់ថា៖ «ខ្ញុំសង្ឃឹមថា ប្រជាជនយើងនឹងរក្សាភាពស្ងប់ស្ងាត់ ពិសេសអ្វីដែលកើតនៅលើធនាគារក្នុងប្រទេសសហរដ្ឋអាមេរិក និងទំនាក់ទំនងជាមួយធនាគារនៅស្រុកខ្មែរយើង គឺអត់មានសោះតែម្តង។ ខ្ញុំគិតថា យើងមិនត្រូវភ័យ ឬចលាចលនោះទេ ប៉ុន្តែទោះយ៉ាងណា ក្នុងនាមយើងជាអាជ្ញាធរត្រូវតែបន្តតាមដាន ថាតើ ឥទ្ធិពលនេះវាអាចប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងដូចម្តេច។ ឧទាហរណ៍ នៅសហរដ្ឋអាមេរិក មានបញ្ហាធនាគារអាចធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ តើវាអាចប៉ះពាល់សេដ្ឋកិច្ចកម្ពុជាយ៉ាងដូចម្តេច? បើប៉ះពាល់វាអាចប៉ះពាល់ជាប្រយោលហើយពេលវេលាធ្វើឱ្យប៉ះពាល់មិនមែនភ្លាមៗនោះទេ វាទុកពេលវេលាឱ្យរាជរដ្ឋាភិបាលយើងមានវិធានការចាត់វិធានការទប់ស្កាត់បានទាន់ពេលវេលា»។

លោកស្រី ជា សិរីបញ្ជាក់ថា៖ «បច្ចុប្បន្ននៅកម្ពុជាមានធនាគារ សរុបចំនួន៥៩ ហើយធនាគារទាំងនោះ ស្ថិតនៅក្រោមការត្រួតពិនិត្យពីធនាគារជាតិនៃកម្ពុជា ហើយយើងមានបទប្បញ្ញាតិប្រុងប្រយ័ត្នតឹងរឹង ហើយប្រព័ន្ធធនាគារនៅកម្ពុជា គឺមានភាពរឹងមាំល្អណាស់»៕