កម្ពុជា បានចំណូលជាង ២៤លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ត្រឹម៩ខែឆ្នាំនេះ

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា ​បានទទួលចំណូលចំនួន ២៤,៩៥៥,៣៩៧ដុល្លារអាមេរិក ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល៩ខែ ពោលចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ ដែលផ្សាយចេញនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានចំនួន ២៤,៩៥៥,៣៩៧ដុល្លារអាមេរិក ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលមានភ្ញៀវទេសចរបរទេសចំនួនសរុប ៥៣៩,៥៦១នាក់។

គ្រឹះស្ថានអង្គរបានបញ្ជាក់ទៀតថា សម្រាប់ខែកញ្ញា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ១,៨៣៦,៤៦៦ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៤១,០៤៨នាក់។

បើតាមគ្រឹះស្ថានអង្គរ បានបញ្ជាក់ទៀតថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាល បានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប១,០៧៩,១២២ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា។

សូមបញ្ជាក់ដែរថា កាលពីពេលថ្មីៗនេះ ក្រសួងទេសចរណ៍  បានឱ្យដឹងដែរថា សម្រាប់រយៈពេល៨ខែដើមឆ្នាំ២០២៣នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៣,៥ លាននាក់ កើនឡើង ២៥០,៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ ដោយឡែកបើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ គ្រាមុនវិបត្តិកូវីដ-១៩ យើងឃើញថា ចំនួននេះនៅមានការថយចុះ ១៩,៧% នៅឡើយ ពោលគឺយើងទើបតែទទួលបានទេសចរអន្តរជាតិប្រមាណ ៨០% នៃកម្រិតមុនវិបត្តិ សម្រាប់រយៈពេល៨ខែឆ្នាំ២០២៣នេះ។ តាមការរំពឹងទុក កម្ពុជានឹងទទួលបានទេសចរអន្តរជាតិក្នុងរង្វង់ប្រមាណ៤,៥ លាន ទៅ ៥ លាននាក់សម្រាប់ពេញមួយឆ្នាំ២០២៣នេះ៕

អត្ថបទ៖ ពិសី