ក្រសួងពាណិជ្ជកម្ម ជំរុញឲ្យឥណ្ឌូនេស៊ី នាំចូលផលិតផលកសិកម្មពីកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជំរុញដល់ភាគីឥណ្ឌូនេស៊ី នាំចូលផលិតផលកសិកម្មពីកម្ពុជា ដូចជា អង្ករ ដំឡូងមី គ្រាប់ស្វាយចន្ទី និងស្វាយជាដើម។ ការជំរុញបែបនេះរបស់លោករដ្ឋមន្រ្តី ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោក Enggartiasto Lukita អតីតរដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌូនេស៊ី កាលពីថ្ងៃទី២០ ខែមីនា កន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបនោះ លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា វិនិយោគិនឥណ្ឌូនេស៊ី អាចវិនិយោគលើវិស័យកសិកម្ម ដូចជាការបង្កើតរោងម៉ាស៊ីនកិនស្រូវ ការកែច្នៃអំឡូងមីជាផលិតផលឱសថ និងប្រដាប់វេចខ្ចប់ សម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញ ការកែច្នៃស្វាយ និងផ្លែឈើផ្សេងៗ។

ជាមួយគ្នានោះ លោក បានជំរុញភាគីឥណ្ឌូនេស៊ី ក្នុងការនាំចូលផលិតផលកសិកម្មពីកម្ពុជា ដូចជា អង្ករ អំឡូងមី គ្រាប់ស្វាយចន្ទី និងស្វាយ ជាដើម ដែលជាផលិតផលសក្តានុពលរបស់កម្ពុជា និងកំពុងត្រូវបានជំរុញឱ្យមានការនាំចេញទៅកាន់ទីផ្សារអន្តរជាតិនានា ជាពិសេស អង្ករកម្ពុជាដែលទទួលបានពានរង្វាន់អង្ករល្អដាច់គេលើពិភពលោកចំនួន ៥ដងរួចមកហើយ។

លើសពីនោះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏បានជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនស៊ីភ្ជាប់ជើងហោះហើរត្រង់ពីឥណ្ឌូនេស៊ីមកកាន់កម្ពុជាឲ្យបានឆាប់ៗ ដើម្បីសម្រួលដល់លំហូរវិនិយោគ និងទេសចរណ៍ រវាងប្រទេសទាំងពីរ ផងដែរ។

ជាការឆ្លើយតប ភាគីឥណ្ឌូនេស៊ី បានកោតសរសើ ពីកិច្ចខិតខំប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញការនាំចេញទំនិញកសិកម្ម និងទាក់ទាញវិនិយោគ។ជាពិសេសបានប្តេជ្ញាថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងប្រទេសកម្ពុជានិងឥណ្ឌូនេស៊ី ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត៕