សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការសិក្សាខ្លាំងពូកែ មិនចំណុះលើជីវភាពគ្រួសារអ្នកមាន ឬអ្នកក្រនោះឡើយ

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មិនថាអ្នកមាន ឬអ្នកក្រ ឪពុកម្ដាយទាំងអស់ គឺចង់​ឱ្យ​កូន​បាន​រៀន​សូត្រ​បាន​ខ្ពង់ខ្ពស់​ ខណៈសម្តេចថា ការសិក្សាខ្លាំងពូកែ មិនចំណុះលើជីវភាពគ្រួសារអ្នកមានឬអ្នកក្រនោះឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមប្រសាសន៍របស់សម្តេច នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ ​សម្ពោធ​អគារ​អន្តេ​វា​សិកដ្ឋាន​តេជោ​សន្តិភាព និងសមិទ្ធផលនានានៅវត្តស្វាយពពែ រាជធានីភ្នំពេញ។

នាឱកាសនោះ សម្តេចថា ប្រទេសជាតិមួយអាចកសាងរីកចម្រើនទៅបាន គឺ​ត្រូវ​មាន​មូល​ធន​មនុស្ស​រឹងមាំ ដូច្នេះការកសាងមូលធនមនុស្សនេះ ត្រូវបាន​ចាត់​ទុក​ជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​កំណត់​កំណើន​សេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមកម្ពុជានាពេលអនាគត។

ជាមួយគ្នានេះ សម្ដេចធិបតីថា មិនថាអ្នកមាន ឬអ្នកក្រ ឪពុកម្ដាយទាំងអស់ គឺចង់​ឱ្យ​កូន​បាន​រៀន​សូត្រ​បាន​ខ្ពង់ខ្ពស់​ពីព្រោះមានតែចំណេះវិជ្ជាទេដែលអាចជួយខ្លួនឯង គ្រួសារ និង​សង្គម​ជាតិ​ ហើយការសិក្សាមួយដែលខ្លាំងពូកែ ក៏មិនបានចំណុះលើជីវភាពគ្រួសារដែរ។ជាក់ស្តែង សម្តេចបានលើកឧទាហរណ៍សិស្សពូកែគណិតវិទ្យានៅខេត្តព្រៃវែង មានឪពុករត់ម៉ូតូកង់បី ម្តាយជាអ្នកលាងចាន តែរៀនរហូតបានជាសិស្សពូកែគណិតវិទ្យានៅទូទាំងប្រទេស។

ជាថ្មីម្តងទៀត សម្ដេចធិបតី នាយករដ្ឋមន្រ្ដីអះអាងថា ការរៀនសូត្រមិនមែនទទួលត្រឹមចំណេះដឹងនោះទេ ប៉ុន្ដែ​កត្តា​ធំ​បំផុត​គឺ​ការ​ជឿជាក់លើខ្លួនឯង។ យើងរៀនជំនាញបច្ចេកទេស គឺជាជំនាញរឹង ប៉ុន្ដែចរិយាធម៌ សីលធម៌ គុណធម៌ គឺជាកត្តាសំខាន់ក្នុងការទទួលបានជំនាញទន់ អាចឱ្យសិស្ស និស្សិត​ធ្វើ​ការ​នៅ​ក្នុង​សង្គម​បាន​ល្អ​ជាមួយអ្នកដទៃថែមទៀតផងដែរ៕ អត្ថបទ៖ ហ្សាលីន