ក្រុមហ៊ុនស្លូវ៉ាគី Klein Vision គ្រោងបញ្ចេញរថយន្តហោះតម្លៃ ១លានដុល្លារ វាយលុកទីផ្សារនៅឆ្នាំក្រោយ

អន្តរជាតិ

ក្រុមហ៊ុន Klein Vision ដែលមានមូលដ្ឋាននៅក្នុងប្រទេសស្លូវ៉ាគី បានបង្ហាញពីគំរូនៃរថយន្តហោះដំបូងរបស់ខ្លួន មានឈ្មោះថា AirCar ដែលគ្រោងនឹងដាក់ចេញលក់នៅលើទីផ្សារ នៅដើមឆ្នាំ២០២៦ នៅក្នុងតម្លៃចន្លោះពី ៨០០ ០០០ដុល្លារ ទៅ ១លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ HypeBest បានឲ្យដឹងថា រថយន្តហោះ AirCar នេះ អាចផ្ទុកអ្នកដំណើរបានពីរនាក់ ជាមួយនឹងស្លាបអាចដកចេញបាន ខណ:ផ្ទៃកន្ទុយក្រោយអាចបត់បាន និងថែមទាំងមានប្រព័ន្ធបញ្ចេញឆ័ត្រយោងនៅពេលជួបញ្ហា ផងដែរ។

មិនតែប៉ុណ្ណោះ បើតាមក្រុមហ៊ុន Klein Vision បានឲ្យដឹងទៀតថា AirCar នេះ អាចផ្លាស់ប្តូរពីរថយន្តធម្មតា ទៅជារថយន្តហោះ នៅក្នុងរយ:ពេលតិចជាង ២នាទីប៉ុណ្ណោះ ខណ:វាអាចហោះឡើងលើដល់កម្ពស់អតិបរមា ១០ ០០០ហ្វីត (៣ ០៤៨ ម៉ែត្រ)។

ក្រុមហ៊ុនក៏បានបញ្ជាក់ទៀតផងដែរថា AirCar មានល្បឿនអតិបរមា ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ នៅក្នុងទម្រង់ជារថយន្តវិញ AirCar មានទទឹងសរុប ២ ម៉ែត្រ បណ្តោយ ៥,៩ ម៉ែត្រ និងកម្ពស់ ១,៨ ម៉ែត្រ ពោលគឺមានទំហំស្រដៀងគ្នាទៅនឹងរថយន្ត Rolls-Royce Phantom ដែរ។ ជាមួយការបំពាក់មកនូវធុងសាំងចំនួន ៣ អាចផ្ទុកសរុបបានដល់ ១៦០ លីត្រ ដែលធ្វើឲ្យ AirCar មានសមត្ថភាពអាចបើកបរបានឆ្ងាយបំផុតដល់ ១ ០០០ គីឡូម៉ែត្រ។

ជម្រាបជូនផងដែរថា យោងតាម ​​IoT World Today បានបង្ហាញឲ្យដឹងថារថយន្តហោះ AirCar នេះផលិតឡើងក្នុងរោងចក្រនៅទីក្រុង Nitra ប្រទេសស្លូវ៉ាគី។ លើសពីនេះ ក្រុមហ៊ុន Klein Vision ក៏បានផ្តល់សិទ្ធិផលិត និងចែកចាយផ្តាច់មុខ AirCar ទៅកាន់ក្រុមហ៊ុន Hebei Jianxin Flying Car Technology នៅក្នុងប្រទេសចិន ផងដែរ ក្រោមកិច្ចព្រមព្រៀងអាជ្ញាបណ្ណ៕