ក្រុមហ៊ុន Klein Vision ដែលមានមូលដ្ឋាននៅក្នុងប្រទេសស្លូវ៉ាគី បានបង្ហាញពីគំរូនៃរថយន្តហោះដំបូងរបស់ខ្លួន មានឈ្មោះថា AirCar ដែលគ្រោងនឹងដាក់ចេញលក់នៅលើទីផ្សារ នៅដើមឆ្នាំ២០២៦ នៅក្នុងតម្លៃចន្លោះពី ៨០០ ០០០ដុល្លារ ទៅ ១លានដុល្លារ។

យោងតាមការចុះផ្សាយពីគេហទំព័រ HypeBest បានឲ្យដឹងថា រថយន្តហោះ AirCar នេះ អាចផ្ទុកអ្នកដំណើរបានពីរនាក់ ជាមួយនឹងស្លាបអាចដកចេញបាន ខណ:ផ្ទៃកន្ទុយក្រោយអាចបត់បាន និងថែមទាំងមានប្រព័ន្ធបញ្ចេញឆ័ត្រយោងនៅពេលជួបញ្ហា ផងដែរ។
មិនតែប៉ុណ្ណោះ បើតាមក្រុមហ៊ុន Klein Vision បានឲ្យដឹងទៀតថា AirCar នេះ អាចផ្លាស់ប្តូរពីរថយន្តធម្មតា ទៅជារថយន្តហោះ នៅក្នុងរយ:ពេលតិចជាង ២នាទីប៉ុណ្ណោះ ខណ:វាអាចហោះឡើងលើដល់កម្ពស់អតិបរមា ១០ ០០០ហ្វីត (៣ ០៤៨ ម៉ែត្រ)។
ក្រុមហ៊ុនក៏បានបញ្ជាក់ទៀតផងដែរថា AirCar មានល្បឿនអតិបរមា ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ នៅក្នុងទម្រង់ជារថយន្តវិញ AirCar មានទទឹងសរុប ២ ម៉ែត្រ បណ្តោយ ៥,៩ ម៉ែត្រ និងកម្ពស់ ១,៨ ម៉ែត្រ ពោលគឺមានទំហំស្រដៀងគ្នាទៅនឹងរថយន្ត Rolls-Royce Phantom ដែរ។ ជាមួយការបំពាក់មកនូវធុងសាំងចំនួន ៣ អាចផ្ទុកសរុបបានដល់ ១៦០ លីត្រ ដែលធ្វើឲ្យ AirCar មានសមត្ថភាពអាចបើកបរបានឆ្ងាយបំផុតដល់ ១ ០០០ គីឡូម៉ែត្រ។

ជម្រាបជូនផងដែរថា យោងតាម IoT World Today បានបង្ហាញឲ្យដឹងថារថយន្តហោះ AirCar នេះផលិតឡើងក្នុងរោងចក្រនៅទីក្រុង Nitra ប្រទេសស្លូវ៉ាគី។ លើសពីនេះ ក្រុមហ៊ុន Klein Vision ក៏បានផ្តល់សិទ្ធិផលិត និងចែកចាយផ្តាច់មុខ AirCar ទៅកាន់ក្រុមហ៊ុន Hebei Jianxin Flying Car Technology នៅក្នុងប្រទេសចិន ផងដែរ ក្រោមកិច្ចព្រមព្រៀងអាជ្ញាបណ្ណ៕

