ប្រទេសឡាវ កំពុងស្ថិតនៅក្នុងដំណើរការបើកស្ថានីយថាមពលខ្យល់ដំបូង និងធំជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅចុងឆ្នាំនេះ បន្ទាប់ពីទួរប៊ីនសរុបចំនួន ១៣៣ សម្រាប់គម្រោងដ៏មានមហិច្ឆិតានេះ ត្រូវបានដំឡើងរួចរាល់។ នេះបើការចុះផ្សាយពីសារព័ត៌មាន The Star។

គម្រោងថាមពលខ្យល់មូសុង ដែលមានតម្លាំង ៦០០ មេហ្គាវ៉ាត់ មានតម្លៃសរុបរហូតដល់ទៅ ៦៣០លានដុល្លារអាមេរិកនេះ នឹងលាតសន្ធឹងលើផ្ទៃដីសរុប ៦៨ ០០០ ហិកតា នៅទូទាំងស្រុក Dakcheung ក្នុងខេត្ត Xekong និងស្រុក Sanxay ក្នុងខេត្ត Attapeu ។ គម្រោងនេះ គឺជាគំនិតផ្តួចផ្តើមថាមពលខ្យល់ដំបូងគេក្នុងតំបន់ ដែលគ្របដណ្តប់លើខេត្តច្រើនជាងមួយ។
បើតាមប្រភពខាងលើបានបង្ហាញឲ្យដឹងទៀតថា អគ្គិសនីដែលផលិតបានដោយគម្រោងនេះ នឹងត្រូវនាំចេញទៅកាន់ប្រទេសវៀតណាម ក្រោមកិច្ចព្រមព្រៀងទិញថាមពលរយ:ពេល ២៥ឆ្នាំ ជាមួយក្រុមហ៊ុនរដ្ឋ Vietnam Electricity (EVN)។
ជម្រាបជូនផងដែរថា គម្រោងនេះស្ថិតនៅក្រោមការអភិវឌ្ឍដោយក្រុមហ៊ុន Impact Energy Asia Development Co Ltd ដែលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយរដ្ឋាភិបាលឡាវ ក្នុងឆ្នាំ២០១១ ដើម្បីវាយតម្លៃលទ្ធភាពនៃការបណ្តាក់ទុននេះ។ ការងារលើគម្រោងនេះ បានដំណើរការជាផ្លូវការនៅឆ្នាំ២០២២ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទាន ហើយបច្ចុប្បន្នវាត្រូវបានប្រតិបត្តិការដោយក្រុមហ៊ុន Monsoon Wind Power Company Limited៕

