កម្ពុជា-ចិន បានបិទសមយុទ្ធនាគមាស ឆ្នាំ ២០២៥ ប្រកបដោយផ្លែផ្កា និងជោគជ័យ

សង្គម​ និង​សេដ្ឋកិច្ច

សមយុទ្ធនាគមាស ២០២៥ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវបានបិទបញ្ចប់ជាផ្លូវការកាល​ព្រឹក​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់​សម​យុទ្ធ​រួ​មគ្នា​រ​យៈពេ​ល​១៥​ថ្ងៃពោ​ល​គឺ​ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់ថ្ងៃទី២៨ ខែឧសភា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីបិទសមយុទ្ធនាគមាស ២០២៥ បានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងមន្រ្តីជាន់ខ្ពស់ក្នុងជួរកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន។

សមយុទ្ធ «នាគមាស-២០២៥» រវាងកងទ័ពកម្ពុជា និង​ចិន​លើក​ទី​៧​នេះ ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​ប្រធាន​បទ​៖ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» នាមជ្ឈ​មណ្ឌល​ហ្វឹក​ហ្វឺន​កងរាជអាវុធហត្ថ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយសម​យុទ្ធនាគ​មាស​ឆ្នាំ​២០២៥​នេះ ​ធ្វើឡើងក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការ បង្កើនការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងចែករំលែកចំណេះដឹង បទពិសោធន៍ រួមគ្នាពង្រឹងលើការងារសន្តិសុខ ប្រឆាំងអំពើភេរវកម្ម និងការងារសង្គ្រោះមនុស្សធម៌។

សូមជម្រាបដែរថា សមយុទ្ធនាគមាស ឆ្នាំ២០២៥នេះ ត្រូវបានចែកចេញជា២ផ្នែក ដោយទី១៖ សម​យុទ្ធ​លើ​គោក និង​អាកាស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង និង​ទី២​៖ សមយុទ្ធសមុទ្រនិងអាកាស នៅលើផ្ទៃសមុទ្រនិងដែនអាកាសកម្ពុជា ក្នុងតំបន់​ខេត្ត​ព្រះសីហនុ ដោយមានកម្លាំងទ័ពកម្ពុជា-ចិន សរុបជាង ២ពាន់នាក់ចូលរួម ព្រមទាំង​មាន​ការ​ប្រើ​ប្រាស់​សព្វាវុធ គ្រឿងបំពាក់កាន់តែទំនើបៗ ក្នុងនោះក៏មានការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដែល​ជា​ការ​ឆ្លើយតបទៅនឹងការធ្វើទំនើបកម្មរបស់កងយោធពលខេមរភូមិន្ទ នៃព្រះរាជា​ណា​ចក្រ​កម្ពុជា ស្របតាមស្ថានភាពវិវឌ្ឍន៍នាពេលបច្ចុប្បន្នផងដែរ។

ជាការកត់​សម្គាល់ សមយុទ្ធនាគមាស បានបិទបញ្ចប់ប្រកបដោយផ្លែផ្កា និងជោជ័យ ពិសេសបានក្លាយ ជានិម្មិតរូបនៃកិច្ច​សហ​ប្រតិបត្តិការ​ដ៏​រឹង​មាំ​មិន​អាច​បំបែក​បាន រវាងកម្ពុជា និងចិន។ សមយុទ្ធនេះ ពិតជាផ្ដល់នូវសារ​សំខាន់​ក្នុង​ការ​លើក​កម្ពស់​សម​ត្ថ​ភាព និងការយល់ដឹងបន្ថែមទៀតដល់កងទ័ពទាំងពីរប្រទេស ដូចជាការ​បង្ហាញ​អំពី​សមត្ថ​ភាព ការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក បង្កើនការយល់ដឹងពីការបញ្ញាចម្រុះ និង​នីតិ​វិធី​ប្រតិបត្តិ​ការ​ចម្រុះ យុទ្ធោបករណ៍ បច្ចេកទេស និងជំនាញថ្មីៗផងដែរ៕អត្ថបទ៖ ហ្សាលីន