ឆ្នាំ២០២៤៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុមានកុងតឺន័រឆ្លងកាត់ប្រមាណ១លាន TEUs កើនជិត៣០%

សង្គម​ និង​សេដ្ឋកិច្ច

កំពង់ផែស្វយ័តក្រុងព្រះសីហនុមានសមត្ថភាពផ្ទេរ-ផ្ទុកកុងតឺន័រឆ្លងកាត់ប្រមាណ១លាន TEUs ដោយបានកើនឡើងប្រមាណ២៩%  ក្នុងឆ្នាំ២០២៤។ នេះបើតាមដំណើរទស្សនកិច្ចរបស់លេខាធិការដ្ឋានដឹកនាំ និងសម្របសម្រួលការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដឹកនាំដោយ លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានលេខាធិការដ្ឋាន IDP កាលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក នុត អ៊ុនវ័ណរ៉ា បានឱ្យដឹងថា ដំណើទស្សនកិច្ចនេះ មានគោលបំណងស្វែងយល់ពីសាវតារនៃការអភិវឌ្ឍកំពង់ផែ, ដំណើរប្រតិបត្តិការនាពេលបច្ចុប្ប្នន្ន, និងផែនការអភិវឌ្ឍលើកកម្ពស់សមត្ថភាពកំពង់ផែនាពេលខាងមុខ។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាមាត់ច្រកនាំចេញនាំចូលទំនិញដ៏សំខាន់ និងជាកំពង់ផែសមុទ្រទឹកជ្រៅធំជាងគេនៅកម្ពុជា។

លោកបន្តថា ក្រោមចក្ខុវិស័យវែងឆ្ងាយ និងមុតស្រួចរបស់រដ្ឋាភិបាល បានកំណត់គោលដៅក្នុងការប្រែក្លាយកំពង់ផែនេះ ជាកំពង់ផែមេសម្រាប់បម្រើដល់សកម្មភាពពាណិជ្ជកម្មតំបន់។ កំពង់ផែនេះនឹងដើរតួនាទីកាន់តែសំខាន់នៅពេលដែលគម្រោងព្រែកជីកហ្វូណនតេជោ និងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ត្រូវបានសាងសងរួចរាល់ជាស្ថាពរ។

នៅក្នុងដំណើរទស្សនកិច្ចនេះ ក៏បានឱ្យដឹងដែរថា​ នាពេលបច្ចុប្បន្ន កំពង់ផែស្វយ័តក្រុងព្រះសីហនុមានសមត្ថភាពផ្ទេរ-ផ្ទុកកុងតឺន័រឆ្លងកាត់ប្រមាណ១លាន TEUs ក្នុងមួយឆ្នាំ ដោយបានកើនឡើងប្រមាណ២៩% ក្នុងឆ្នាំ២០២៤ ធៀបនឹងឆ្នាំ២០២៣ ដែលតួលេខនេះឆ្លុះបញ្ចាំងពីកំណើនប្រកបដោយថាមវន្ដនៃរំហូរទុនវិនិយោគ និងពាណិជ្ជកម្មរបស់កម្ពុជា។

សូមរម្លឹកដែរថា បើយោងតាមរបាយការណ៍ដែលបានដាក់ទៅទីផ្សារមូលបត្រកម្ពុជា កាលពីពេលថ្មីៗនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែសមុទ្រដ៏ធំបំផុតរបស់កម្ពុជា ទទួលបានប្រាក់ចំណូលសរុបចំនួន ១១៤,៧៨ ពាន់លានរៀល (ស្មើនឹងប្រមាណ ២៨,៦លានដុល្លារ)ក្នុងរយៈពេលបីខែដើមឆ្នាំ២០២៥ កើនឡើងជិត១៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។​

យ៉ាងណាមិញ ក្នុងរបាយការណ៍ដដែលបានលើកឡើងថា៖ “មូលហេតុចម្បងនៃការកើនឡើងចំណូល និងចំណេញប្រតិបត្តិការរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺបណ្ដាលមកពីបរិមាណកុងតឺន័រ និងបរិមាណទំនិញឆ្លងកាត់ កសស មានការកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់” ៕អត្ថបទ៖ហ្សាលីន