ក្រសួងកសិកម្ម ស្នើលុចសំបួ គាំទ្រទៅលើមន្ទីរពិសោធន៍ជាតិ ដើម្បីធានាសុវត្ថិភាពអាហារនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើទៅកាន់ប្រទេសលុចសំបួ ឱ្យពិនិត្យលទ្ធភាពលើការគាំទ្រលើមន្ទីរពិសោធន៍ជាតិ ដើម្បីធានាបាននូវសុវត្ថិភាពអាហារកាន់តែប្រសើរ។ការស្នើនេះ បានធ្វើឡើងដោយរដ្ឋលេខាធិការក្រសួងកសិកម្ម លោក ប្រាក់ ដាវីដ ក្នុងជំនួបពិភាក្សាជាមួយលោក Claude Jentgen កាលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនៃជំនួប លោករដ្ឋលេខាធិការ បានស្វាគមន៍នៃដំណើរទស្សនកិច្ចរបស់ ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ ក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-លុចសំបួ ឱ្យកាន់តែរឹងមាំនិងទូលំទូលាយជាងមុនថែមទៀត។

ពាក់ព័ន្ធនឹងវិស័យកសិកម្មវិញ លោក ប្រាក់ ដាវីដ បានបញ្ជាក់ថា ប្រទេសកម្ពុជា បើកទ្វារស្វាគមន៍នូវវិនិយោគិនដែលមានបំណងចង់កែច្នៃ វេចខ្ចប់ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ខណៈដែលកម្ពុជាមានកសិផលសក្កានុពលជាច្រើនរួមមាន៖ ស្រូវអង្ករ ស្វាយចន្ទី ម្រេច ដែលមានគុណភាពល្អប្រណិត រសជាតិឆ្ងាញ់ ដែលជាឱកាសល្អសម្រាប់អ្នកវិនិយោគក្នុងការចាប់យកដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់។ លើសពីនេះ លោកថា ប្រទេសកម្ពុជា មានច្បាប់ស្តីពីការវិនិយោគ ដែលជួយគាំទ្រដល់រាល់វិនិយោគិនឱ្យទទួលបានអត្ថប្រយោជន៍ជាច្រើន និងក្របខណ្ឌច្បាប់ដែលអំណោយផលដល់ការវិនិយោគផងដែរ។

ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការ ស្នើឱ្យភាគីលុចសំបួ ពិនិត្យលទ្ធភាពក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សកម្ពុជាលើការស្រាវជ្រាវផ្សាភ្ជាប់នឹងសាកលវិទ្យាល័យកសិកម្ម ការគាំទ្រទៅលើមន្ទីរពិសោធន៍ជាតិដើម្បីធានាបាននូវសុវត្ថិភាពអាហារ ដែលនឹងបម្រើដល់ការនាំចេញ ការផ្តល់កម្ចីទុនដែលមានការប្រាក់ទាប និងផ្តល់នូវគម្រោងគាំទ្រដល់វារីវប្បកម្មកម្ពុជាជាមូលដ្ឋាន សំដៅជួយបង្កើននូវភោគផលសេដ្ឋកិច្ច និងកាត់បន្ថយសម្ពាធធនធានធម្មជាតិ។

សូមជម្រាបថា តាមរយៈកិច្ចប្រជុំនេះ កម្ពុជា-លុចសំបួ ក៏បានប្ដេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរកម្ពុជា-លុចសំបួ សំដៅផ្ដល់ផលប្រយោជន៍ទៅវិញទៅមកផងដែរ៕ អត្ថបទ៖​ហ្សាលីន