ថៃ អាចខាតបង់ជាង ២៧ពាន់លានដុល្លារ ដោយសារពន្ធ ៣៦% របស់អាមេរិក

អន្តរជាតិ

សហព័ន្ធឧស្សាហកម្មថៃ (FTI) បានព្រមានថាពីការខាតបង់ដែលអាចកើតមានរហូតដល់ទៅ ៩០០ពាន់លានបាត (២៧,៥ពាន់លានដុល្លារ) ដោយសារតែវិធានការពន្ធគយថ្មីរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វិស័យនាំចេញរបស់ប្រទេសថៃ កំពុងប្រឈមមុខនឹងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការថា ខ្លួននឹងអនុវត្តពន្ធនាំចូលចចំនួន ៣៦% លើទំនិញរបស់ថៃទាំងអស់ ដែលនឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១ ខែសីហាតទៅ។

លោក Kriengkrai Thiennukul ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) បានព្រមានថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការដាក់ពន្ធគយខ្ពស់នេះ អាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការនាំចេញរបស់ថៃ ជាពិសេសឧស្សាហកម្មដែលពឹងផ្អែកខ្លាំងលើទីផ្សារអាមេរិក។

យ៉ាងណាមិញ ក្នុងចំណោមឧស្សាហកម្មដែលនឹងរងប៉ះពាល់ទាំងនោះ រួមមានអាហារកែច្នៃ ផលិតផលកសិកម្ម គ្រឿងបន្លាស់រថយន្ត គ្រឿងអគ្គិសនី គ្រឿងអេឡិចត្រូនិក វាយនភណ្ឌ ត្បូង ដែក និងអាលុយមីញ៉ូម ជាដើម។

ទន្ទឹមនឹងនេះ លោក Kriengkrai បានប៉ាន់ប្រមាណថា ការខូចខាតដែលអាចកើតមានចំពោះការនាំចេញរបស់ថៃ អាចមានចាប់ពី ៨០០ពាន់លានបាត ដល់ ៩០០ពាន់លានបាត។ ហើយដើម្បីជាការឆ្លើយតបទៅនឹងភាពមិនច្បាស់លាស់ដែលកំពុងកើនឡើងនោះ FTI នឹងរៀបចំកិច្ចប្រជុំផ្ទៃក្នុងជាបន្ទាន់ ជាមួយក្រុមឧស្សាហកម្មចំនួន ៤៧ របស់ខ្លួន ដើម្បីវាយតម្លៃផលប៉ះពាល់ជាក់លាក់លើវិស័យនីមួយៗ និងបង្កើតយុទ្ធសាស្ត្រកាត់បន្ថយផលប៉ះពាល់៕