ចុងឆ្នាំនេះ រោងចក្រកែច្នៃចន្ទីមួយ នឹងផុសឡើងនៅជាយក្រុងភ្នំពេញ ក្រោមការវិនិយោគរបស់ឧកញ៉ាស្រុកខ្មែរ

សង្គម​ និង​សេដ្ឋកិច្ច

នៅចុងឆ្នាំ ២០២៥នេះ មានរោងចក្រកែច្នៃចន្ទីមួយ នឹងលេចចេញជារូបរាងឡើងនៅជាយរាជធានីភ្នំពេញ ដែលមានសមត្ថភាពផលិត ១ ២០០តោន ក្នុងមួយខែ ដែលជាការវិនិយោគរបស់ក្រុមហ៊ុនដ៏ធំមួយ របស់ឧកញ៉ាស្រុកខ្មែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញសម្រាប់ទីតាំងជាក់លាក់ក្នុងការសាងសង់រោងចក្រកែច្នៃ និងឧកញ៉ាណាក្នុងស្រុកខ្មែរនោះមិនទាន់មានការបញ្ជាក់លម្អិតនៅឡើយទេ ប៉ុន្តែលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុននេះមានគម្រោងផលិតបានក្នុងរង្វង់ ១៥ ០០០តោនក្នុង១ឆ្នាំ។

លោកបញ្ជាក់ថា ក្រុមហ៊ុននេះនឹងមានវត្តមានក្នុងជំនួបធុរកិច្ច ០៣ សីហា ២០២៥ ដែលរៀបចំដោយសមគមស្វាយចន្ទីកម្ពុជា ដើម្បីប្រមូលទិញគ្រាប់ឆៅពីកសិករខ្មែរនារដូវប្រមូលផល ២០២៦។

ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានមើលឃើញពីសញ្ញាវិជ្ជមានច្រើនក្នុងវិស័យស្វាយចន្ទីនាពេលអនាគតដ៏ខ្លី។ សមាគមស្វាយចន្ទីកម្ពុជាបានសម្របសម្រួលវិនិយោគិនបរទេសមួយចំនួនដែលមកពីចិន ឥណ្ឌា​ និងសឹង្ហបុរី​ ដើម្បីបានទទួលនូវការលើកទឹកចិត្តផ្សេងៗ ទាំងពន្ធដា និងពន្ធគយ ដោយក្រុមហ៊ុនទាំងនោះចាំបាច់ត្រូវតែកើតនៅក្នុងតំបន់សួនកសិឧស្សាហកម្មចន្ទី នៅ​ខេត្តកំពង់ធំ ដែលរដ្ឋគ្រោងដីចំនួន ៤០០ហិកតា សម្រាប់សួននេះ ខណៈរដ្ឋក៏គ្រោងប្រកាសជាផ្លូវការ ស្តីពីសួនកសិឧស្សាហកម្មស្វាយចន្ទីនៅចុងឆ្នាំ២០២៥នេះផងដែរ។

លោក អួន ស៊ីឡុត បានបន្ថែមថា ខណៈពេលសួនកសិឧស្សាហកម្មកើតឡើង ក្រុមហ៊ុនដែលបើករោងចក្រនៅតំបន់នេះអាចទទួលបានដូចជា ការអនុគ្រោះពន្ធដា និងពន្ធគយ, មានហេដ្ឋរចនាសម្ព័ន្ធជាស្រេចដែលគាំទ្រដោយរដ្ឋ, មានសិទ្ធិជាម្ចាស់នៅលើដីជួលពីរដ្ឋ​ដោយមិនចាំបាច់មានភាគទុននិកពីកម្ពុជា, ទទួលបានការជួលដីពីរដ្ឋក្នុងតម្លៃសមរម្យ​។ល។, និងមានការអនុគ្រោះជាច្រើនទៀត។

ដូចនេះច្បាស់ណាស់សួនកសិឧស្សាហកម្មស្វាយចន្តីនេះ អាចទាក់ទាញវិនិយោគបន្ថែម និងពិតជាជួយជម្រុញវិស័យកែច្នៃស្វាយចន្ទី បានយ៉ាងច្រើន បង្កើនប្រាក់ចំណូលចូលចរន្តសេដ្ឋកិច្ចជាតិ បង្កើតការងារ​និងផ្តល់តម្លៃបន្ថែមដល់កសិករ ផ្តល់ស្ថេរភាពតម្លៃកសិផល។

សូមបញ្ជាក់ថា យោងតាមឯកសារស្ដីពី «តំបន់ដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជាឆ្នាំ ២០២៤» កម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីសរុប ៥៨០ ១១៧ ហិកតា និងអាចមានសក្ដានុពលផលិតកម្មប្រមាណ ៨១៦ ៤៥៩ តោនក្នុងមួយឆ្នាំ។តាមតួលេខនេះ កម្ពុជាឈរក្នុងចំណោមប្រទេសចំនួន៣ ដែលផលិតស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក។ 

នៅឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់វៀតណាមចំនួន ៧៩៣ ៤៥៣តោន ដែលគិតជាទឹកប្រាក់ ១១ ៥០លានដុល្លារ។ នេះបើតាមទិន្ន័យពីសមាគមស្វាយចន្ទីកម្ពុជា៕SN