ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានប្រកាសដាក់ពន្ធគយខ្ពស់ លើសភាពអឺរ៉ុប និងម៉ិកស៊ិក ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ខ្លួន នៅក្នុងអត្រាពន្ធគយថ្មី រហូតដល់ទៅ ៣០% ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្នុងលិខិតមួយដែលត្រូវបានបង្ហោះនៅលើបណ្តាសង្គម Truth Social កាលពីថ្ងៃទី១២ ខែកក្កដា លោក ត្រាំ បាននិយាយថាអត្រាពន្ធគយថ្មីនេះ នឹងត្រូវចូលជាធរមាន ចាប់ពីថ្ងៃទី១ ខែសីហាតទៅ ដោយទំនិញដែលមានប្រភពមកពីប្រទេសម៉ិកស៊ិក និង EU ចូលមកសហសហរដ្ឋអាមេរិក នឹងរងពន្ធគយ ៣០%។
ទន្ទឹមនឹងនេះ លោក ត្រាំ ក៏បានសង្កត់ធ្ងន់ទៀតថា ចំពោះទំនិញរបស់ម៉ិកស៊ិក និង EU ដែលដឹកជញ្ជូនតាមរយ:ភាគីទីបី ដើម្បីចៀសវាងនូវវិធានការពន្ធគយថ្មី នឹងត្រូវទទួលរងនូវអត្រាពន្ធគយខ្ពស់ជាងនេះ ។
យ៉ាងណាមិញ ដូចគ្នាទៅនឹងលិខិតមុនៗដែរ ប្រធានាធិបតីអាមេរិករូបនេះ បាននិយាយថា ក្រុមហ៊ុនអាជីវកម្មនៅក្នុងប្រទេសទាំងនោះ នឹងមិនចាំបាច់ត្រូវបង់ពន្ធនោះឡើយ ប្រសិនបើពួកគេសម្រេចចិត្តមកសាងសង់រោងចក្រ ផលិត នៅក្នុងសហរដ្ឋអាមេរិកនោះ។ លោក ត្រាំ ក៏បានព្រមានទៀតផងដែរថា ប្រសិនបើ EU ឬម៉ិកស៊ិក ដាក់ចេញវិធានការសងសឹកវិញ នោះពន្ធថ្មីនេះ ក៏នឹងត្រូវបង្កើនតាមនោះដែរ។
លោក ត្រាំ ក៏បាននិយាយផងដែរថា ទាំងម៉ិកស៊ិក និងសហភាពអឺរ៉ុប នៅតែមានបញ្ហាជាច្រើនទៀតដែលហួសពីពន្ធ រាប់ចាប់ពីរនាំងមិនមែនពន្ធ រហូតដល់គោលនយោបាយដែលមិនអំណោយផលដល់អាជីវកម្មអាមេរិក។
ជម្រាបជូនថា ម៉ិកស៊ិក និង EU គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់អាមេរិក។ នៅឆ្នាំ ២០២៤ ពាណិជ្ជកម្មសរុបរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប មានចំនួនប្រហែល ១,៦ទ្រីលានអឺរ៉ូ (១,៩ទ្រីលានដុល្លារ)៕

