លោក ត្រាំ​ ប្រកាសដាក់ពន្ធដល់ ៣០%​ លើសហភាពអឺរ៉ុប និងប្រទេសម៉ិកស៊ិក

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ​ បានប្រកាសដាក់ពន្ធគយខ្ពស់ លើសភាពអឺរ៉ុប និងម៉ិកស៊ិក ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ខ្លួន នៅក្នុងអត្រាពន្ធគយថ្មី រហូតដល់ទៅ ៣០%​ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងលិខិតមួយដែលត្រូវបានបង្ហោះនៅលើបណ្តាសង្គម Truth Social កាលពីថ្ងៃទី១២ ខែកក្កដា លោក ត្រាំ​ បាននិយាយថាអត្រាពន្ធគយថ្មីនេះ​ នឹងត្រូវចូលជាធរមាន​ ចាប់ពីថ្ងៃទី១ ខែសីហាតទៅ​ ដោយទំនិញដែលមានប្រភពមកពីប្រទេសម៉ិកស៊ិក និង EU ចូលមកសហសហរដ្ឋអាមេរិក នឹងរងពន្ធគយ ៣០%។

ទន្ទឹមនឹងនេះ​ លោក ត្រាំ​ ក៏បានសង្កត់ធ្ងន់ទៀតថា ចំពោះទំនិញរបស់ម៉ិកស៊ិក និង EU ដែលដឹកជញ្ជូនតាមរយ:ភាគីទីបី​ ដើម្បីចៀសវាងនូវវិធានការពន្ធគយថ្មី នឹងត្រូវទទួលរងនូវអត្រាពន្ធគយខ្ពស់ជាងនេះ ។

យ៉ាងណាមិញ ដូចគ្នាទៅនឹងលិខិតមុនៗដែរ ប្រធានាធិបតីអាមេរិករូបនេះ បាននិយាយថា ក្រុមហ៊ុនអាជីវកម្មនៅក្នុងប្រទេសទាំងនោះ នឹងមិនចាំបាច់ត្រូវបង់ពន្ធនោះឡើយ ប្រសិនបើពួកគេសម្រេចចិត្តមកសាងសង់រោងចក្រ ផលិត នៅក្នុងសហរដ្ឋអាមេរិកនោះ។ លោក ត្រាំ ក៏បានព្រមានទៀតផងដែរថា ប្រសិនបើ EU ឬម៉ិកស៊ិក ដាក់ចេញវិធានការសងសឹកវិញ នោះពន្ធថ្មីនេះ ក៏នឹងត្រូវបង្កើនតាមនោះដែរ។

លោក ត្រាំ​ ក៏បាននិយាយផងដែរថា ទាំងម៉ិកស៊ិក និងសហភាពអឺរ៉ុប នៅតែមានបញ្ហាជាច្រើនទៀតដែលហួសពីពន្ធ រាប់ចាប់ពីរនាំងមិនមែនពន្ធ រហូតដល់គោលនយោបាយដែលមិនអំណោយផលដល់អាជីវកម្មអាមេរិក។

ជម្រាបជូនថា ម៉ិកស៊ិក និង EU គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់អាមេរិក។ នៅឆ្នាំ ២០២៤ ពាណិជ្ជកម្មសរុបរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប​ មានចំនួនប្រហែល ១,៦ទ្រីលានអឺរ៉ូ (១,៩ទ្រីលានដុល្លារ)៕​