ផ្លូវជាតិលេខ១០ ជាគម្រោងដ៏ធំមួយរបស់ជាតិ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅដើមខែសីហាខាងមុខ

សង្គម​ និង​សេដ្ឋកិច្ច

ផ្លូវជាតិលេខ១០ តភ្ជាប់ពីខេត្តចំនួន៣ រួមមាន ខេត្តកោះកុង ពោធិ៍សាត់ និងខេត្តបាត់ដំបង (កោះកុង-វាលវែង-សំឡូត) គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមដំណើរចុះពិនិត្យរបស់ក្រុមការងារអន្តរស្ថាប័ន កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ដឹកនាំដោយលោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ នាថ្ងៃទី៧ ខែសីហា ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សូមបញ្ជាក់ថា ផ្លូវជាតិលេខ១០ មានប្រវែងសរុប ១៩៨,៧១ គីឡូម៉ែត្រ ក្រោមហិរញ្ញប្បទានសម្បទានសហប្រតិបត្តិការពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងក្របខណ្ឌថវិកាជាតិ។ ផ្លូវជាតិលេខ១០ តភ្ជាប់ពីខេត្តចំនួន៣ រួមមាន ខេត្តកោះកុង ពោធិ៍សាត់ និងខេត្តបាត់ដំបង (កោះកុង-វាលវែង-សំឡូត)។ ផ្លូវជាតិលេខ១០ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ DBST សាងសង់ផ្លូវរយៈពេល៦៦ខែ ដោយចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។

សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានមានប្រសាសន៍គូសបញ្ជាក់ថា ផ្លូវ គឺ​ជាអាទិភាពគន្លឹះទី២ នៅក្នុងអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ដោយកិច្ចការអាទិភាពទី២ ក្នុងបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន បានផ្តោតគោលដៅយុទ្ធសាស្ត្រលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មី ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងបង្ខិតឱ្យកាន់តែជិតរវាងខេត្ត និងខេត្ត តាមរយៈការតភ្ជាប់ប្រព័ន្ធផ្លូវ ដែលប្រៀបបានដូចជាសរសៃឈាម និងមានសារៈសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ៕