បន្ទាប់មានការបើកទ្វាពីប្រទេសចិន ពេលនេះ ផ្លែទុរេនទូដំបូងរបស់ប្រទេសកម្ពុជា ដែលមានទម្ងន់ប្រមាណ១៧តោន ត្រូវបានវេចខ្ចប់តាមស្ទង់ដារ និងត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិនដោយផ្ទាល់ ជាផ្លូវការ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ។

ការនាំចេញផ្លែទុរេនរបស់កម្ពុជា ទៅលក់នៅលើទីផ្សាររបស់ប្រទេសចិន បានធ្វើឡើងដោយក្រុមហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក (HF FRUIT LTD.) បានសហការជាមួយក្រុមហ៊ុននៅប្រទេសចិន បន្ទាប់ពីក្រុមបានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិចាន់ទូង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីវេចខ្ចប់ផ្លែទុរេន នាំចេញទៅទីផ្សាប្រទេសចិន។
គួរឱ្យដឹងថា មុននាំចេញ រដ្ឋបាលគយចិនបានពិនិត្យគុណភាព អនាម័យ ភូតគាមអនាម័យ និងសុវត្ថិភាពយ៉ាងម៉ត់ចត់ នូវផ្លែទុរេនស្រស់ដែលមកពីចំការចំនួន ១១២ និងរោងចក្រវេចខ្ចប់ ៣០។ តាមគម្រោង ក្រុមហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក នឹងបន្តនាំចេញទុរេនរាប់សិបតោនទៅកាន់ទីផ្សារប្រទេសចិន តាមរយៈការប្រមូលទិញពីកសិករ ដែលដាំទុរេនក្នុងខេត្តត្បូងឃ្មុំទាំងអស់ ដោយកំណត់ទិញទៅតាមទំហំផ្លែ ប្រភេទផ្លែ និងគុណភាពនៃផ្លែទុរេន តាមតម្លៃទីផ្សាជាក់ស្តែង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ អគ្គរដ្ឋបាលគយចិន (GACC) សម្រេចជាផ្លូវការអនុញ្ញាតឱ្យកម្ពុជានាំចេញផ្លែទុរេនស្រស់ទៅកាន់ប្រទេសចិន ក្នុងនោះ មានចម្ការទុរេនចំនួន ១២២ កន្លែង ត្រូវបានអនុញ្ញាតឱ្យនាំចេញផ្លែទុរេនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនជាផ្លូវការ។ បន្ថែមពីនេះ ក៏នៅមានរោងចក្រវេចខ្ចប់ចំនួន ៣០ កន្លែង ដែលបានបំពេញតាមគោលការណ៍កសិកម្មល្អ (GAP) លក្ខខណ្ឌភូតគាមអនាម័យ និងស្តង់ដាសុវត្ថិភាពចំណីអាហាររបស់ប្រទេសចិន។ ការអនុញ្ញាតនេះ ស្របតាមពិធីសារដែលបានចុះហត្ថលេខាកាលពីខែមេសាកន្លងទៅ។

សូមបញ្ជាក់ផងដែរថា គិតមកដល់បច្ចុប្បន្ននេះ ផ្លែទុរេនស្រស់គឺជាកសិផលទី៩របស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេ ដោយផ្ទាល់ទៅកាន់ប្រទេសចិន បន្ទាប់ពីអង្ករ កន្ទក់អង្ករ ចំណិតដំឡូងបីក្រៀម គ្រាប់ពោត ផ្លែចេក ផ្លែស្វាយ ផ្លែមៀន និងម្រេច។ នេះគឺជាសមិទ្ធផលផ្លែផ្កាដែលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងចិន។
បច្ចុប្បន្ន ប្រទេសកម្ពុជា មានផ្ទៃដីដាំដុះដំណាំទុរេនចំនួនប្រមាណជាង ១០ ០០០ ហិកតា ក្នុងនោះផ្ទៃដីប្រមូលផល មានចំនួនជាង ៧ ០០ហិកតា ដែលអាចទទួលបរិមាណផលប្រមាណជាង ១២០ ០០០តោនក្នុង១ឆ្នាំ។ ដោយឡែកសម្រាប់ខេត្តត្បូងឃ្មុំ បច្ចុប្បន្នមានផ្ទៃដីដាំដុះដំណាំទុរេនទូទាំងខេត្ត សរុបប្រមាណ ៩៥០ហិកតា ផ្ទៃដីប្រមូលផលចំនួន ៦៨៥ ហិកតា និងទទួលបានបរិមាណផលប្រមាណ ១០ ០០០ តោន៕



