ទុរេនកម្ពុជា១៧តោន ត្រូវបានវេចខ្ចប់នាំចេញទៅចិនជាលើកដំបូងដោយជោគជ័យ

សង្គម​ និង​សេដ្ឋកិច្ច

បន្ទាប់មានការបើកទ្វាពីប្រទេសចិន ពេលនេះ ផ្លែទុរេនទូដំបូងរបស់ប្រទេសកម្ពុជា ដែលមានទម្ងន់ប្រមាណ១៧តោន ត្រូវបានវេចខ្ចប់តាមស្ទង់ដារ និងត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិនដោយផ្ទាល់ ជាផ្លូវការ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការនាំចេញផ្លែទុរេនរបស់កម្ពុជា ទៅលក់នៅលើទីផ្សាររបស់ប្រទេសចិន បានធ្វើឡើងដោយក្រុមហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក (HF FRUIT LTD.) បានសហការជាមួយក្រុមហ៊ុននៅប្រទេសចិន បន្ទាប់ពីក្រុមបានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិចាន់ទូង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីវេចខ្ចប់ផ្លែទុរេន នាំចេញទៅទីផ្សាប្រទេសចិន។

គួរឱ្យដឹងថា មុននាំចេញ រដ្ឋបាលគយចិនបានពិនិត្យគុណភាព អនាម័យ​ ភូតគាមអនាម័យ​ និងសុវត្ថិភាពយ៉ាងម៉ត់ចត់​ នូវផ្លែទុរេនស្រស់​ដែលមកពីចំការចំនួន ១១២ និងរោងចក្រវេចខ្ចប់ ៣០។ តាមគម្រោង ក្រុមហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក  នឹងបន្តនាំចេញទុរេនរាប់សិបតោនទៅកាន់ទីផ្សារប្រទេសចិន តាមរយៈការប្រមូលទិញពីកសិករ ដែលដាំទុរេនក្នុងខេត្តត្បូងឃ្មុំទាំងអស់ ដោយកំណត់ទិញទៅតាមទំហំផ្លែ ប្រភេទផ្លែ និងគុណភាពនៃផ្លែទុរេន តាមតម្លៃទីផ្សាជាក់ស្តែង។

សូមបញ្ជាក់ថា កាល​ពី​ថ្ងៃ​ទី​០៥ ខែ​កក្កដា ឆ្នាំ​២០២៥ កន្លង​ទៅ​ អគ្គរដ្ឋបាល​គយចិន (GACC) ​សម្រេច​ជា​ផ្លូវ​ការ​អនុញ្ញាត​ឱ្យ​កម្ពុជា​នាំ​ចេញ​ផ្លែ​ទុរេន​ស្រស់​ទៅ​កាន់​ប្រទេស​ចិន ក្នុង​នោះ មាន​ចម្ការទុរេនចំនួន ១២២ កន្លែង ត្រូវ​បាន​អនុញ្ញាត​ឱ្យនាំចេញ​ផ្លែទុរេន​ស្រស់​ពីកម្ពុជា​ទៅកាន់​ប្រទេសចិន​ជាផ្លូវការ។ បន្ថែម​ពី​នេះ ក៏​នៅ​មាន​រោងចក្រ​វេច​ខ្ចប់​ចំនួន ៣០ កន្លែង ដែល​បានបំពេញតាមគោលការណ៍កសិកម្មល្អ (GAP) លក្ខខណ្ឌ​ភូតគាមអនាម័យ និងស្តង់ដាសុវត្ថិភាពចំណីអាហាររបស់ប្រទេសចិន។ ការអនុញ្ញាតនេះ ស្របតាមពិធីសារដែលបានចុះហត្ថលេខាកាលពីខែមេសាកន្លងទៅ។

សូមបញ្ជាក់ផងដែរថា គិតមកដល់បច្ចុប្បន្ននេះ ផ្លែទុរេនស្រស់គឺជាកសិផលទី៩របស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេ ដោយផ្ទាល់ទៅកាន់ប្រទេសចិន បន្ទាប់ពីអង្ករ កន្ទក់អង្ករ ចំណិតដំឡូងបីក្រៀម គ្រាប់ពោត ផ្លែចេក ផ្លែស្វាយ ផ្លែមៀន និងម្រេច។ នេះគឺជាសមិទ្ធផលផ្លែផ្កាដែលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងចិន។

បច្ចុប្បន្ន ប្រទេសកម្ពុជា មានផ្ទៃដីដាំដុះដំណាំទុរេនចំនួនប្រមាណជាង ១០ ០០០ ហិកតា ក្នុងនោះផ្ទៃដីប្រមូលផល មានចំនួនជាង ៧ ០០ហិកតា ដែលអាចទទួលបរិមាណផលប្រមាណជាង ១២០ ០០០តោនក្នុង១ឆ្នាំ។ ដោយឡែកសម្រាប់ខេត្តត្បូងឃ្មុំ បច្ចុប្បន្នមានផ្ទៃដីដាំដុះដំណាំទុរេនទូទាំងខេត្ត សរុបប្រមាណ ៩៥០ហិកតា ផ្ទៃដីប្រមូលផលចំនួន ៦៨៥ ហិកតា និងទទួលបានបរិមាណផលប្រមាណ ១០ ០០០ តោន៕