អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីសុី គ្រុប (GTVC Group) នៅយប់ថ្ងៃទី២៣ ឈានចូលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស កុំបង្ហាញរូបភាពចល័តទ័ពគ្រប់រូបភាពក្នុងបណ្តាញសង្គម។

សេចក្តីអំពាវនាវរបស់អ្នកឧកញ៉ា ទៀ វិចិត្រ ខាងលើនេះ គឺបន្ទាប់ពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ កំពុងកើនឡើងកម្តៅតានតឹងជាថ្មី ក្រោយពេលភាគីថៃបានកោះហៅឯកអគ្គរាជទូតរបស់ខ្លួនត្រឡប់ពីកម្ពុជាទៅប្រទេសថៃវិញ និងបណ្តេញឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងបាងកក ក្រោមលេសគ្មានមូលដ្ឋានច្បាស់លាស់រឿងទាហានរបស់ខ្លួនផ្ទុះមីន រងរបួសធ្ងន់ម្នាក់ទៀត ស្ថិតនៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ម្សិលមិញនេះ។
តាមរយៈសារលើបណ្តាញសង្គម កាលពីយប់មិញ អ្នកឧកញ៉ា ទៀ វិចិត្រ បានលើកឡើងបែបនេះថា៖ “សុំចិត្តដល់បងប្អូនទូទាំងប្រទេស មេត្តាកុំបង្ហាញរូបភាពចល័តទ័ពគ្រប់រូបភាពក្នុងបណ្តាញសង្គម ដោយក្តីគោរពស្រលាញ់”។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៤ ខែកក្កដានេះ ជាការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចទម្លាក់កម្រិតទំនាក់ទំនងការទូតកម្ពុជាថៃ ឱ្យមកនៅទាបបំផុត ត្រឹមលេខាទី២ និងដកមន្ត្រីផ្សេងទៀតទាំងអស់ ដែលបម្រើការងារនៅស្ថានទូតកម្ពុជាក្នុងទីក្រុងបាងកក ឱ្យត្រឡប់មកប្រទេសកម្ពុជាវិញ និងតម្រូវឱ្យមន្ត្រីទូតថៃ កែសម្រួល ចេញពីកម្ពុជាដូចគ្នាផងដែរ៕



