សហភាពអឺរ៉ុប ឈានដល់ការអនុម័តផែនការសងសឹកទៅនឹងពន្ធគយរបស់អាមេរិក

អន្តរជាតិ

ប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ទើបតែបានបោះឆ្នោតអនុម័តទៅលើផែនការសងសឹកលើទំនិញរបស់សហរដ្ឋអាមេរិកដែលមានតម្លៃប្រមាណ ៩៣ពាន់លានអឺរ៉ូ ប្រសិនបើការចរចាពាណិជ្ជកម្មបរាជ័យ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកពាក្យរបស់សហភាពអឺរ៉ុបម្នាក់ បាននិយាយប្រាប់ទៅកាន់អ្នកយកព័ត៌មាន កាលពីថ្ងៃទី២៤ ខែកក្កដាថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្លុក និងសហរដ្ឋអាមេរិក រំពឹងថានៅតែអាចឈានដល់ការព្រមព្រៀងគ្នា។

តែទោះបីជាយ៉ាងណាក៏ដោយ ស្របពេលជាមួយនឹងការចរចានោះ គណ:កម្មការអឺរ៉ុប (EC) ក៏កំពុងជំរុញផែនការសងសឹកវិញផងដែរ ក្នុងករណីដែលភាគីទាំងពីរមិនអាចឈានដល់ការព្រមព្រៀងជារួម។

គួរឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែកក្កដា ប្រទេសជាសមាជិកអឺរ៉ុប បានបោះឆ្នោតអនុម័តលើផែនការឆ្លើយតប ដោយនឹងរួមបញ្ចូលនូវកញ្ចប់ពន្ធសងសឹកចំនួនពីរ ដែលត្រូវបានស្នើឡើងពីមុន ជុំវិញការដាក់ពន្ធលើទំនិញអាមេរិកដែលមានតម្លៃ ២១ពាន់លានអឺរ៉ូ និង ៧២ពាន់លានអឺរ៉ូ នៅក្នុងបញ្ជីដូចគ្នា។

ជម្រាបជូនផងដែរថា កញ្ចប់ទីមួយនៃផែនការសងសឹករបស់ EU នេះ​នឹងត្រូវចូលជាធរមានចាប់ពីថ្ងៃទី៧ ខែសីហា។ ដោយឡែក ពន្ធលើសណ្តែកសៀង និងអាល់ម៉ុនរបស់អាមេរិក នឹងត្រូវពន្យារពេលរហូតដល់ថ្ងៃទី១ ខែធ្នូ។ ចំណែកឯកញ្ចប់ទីពីរ នឹងបែងចែកជាពីរដំណាក់កាល គឺចាប់ពីថ្ងៃទី៧ ខែកញ្ញា និងដើមខែកុម្ភៈ ឆ្នាំក្រោយ៕