នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla លោក Elon Musk កាលពីពេលថ្មីៗនេះ បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សអាមេរិក បានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១៦,៥ពាន់លានដុល្លារ សម្រាប់ការផ្គត់ផ្គង់បន្ទះឈីប ពីក្រុមហ៊ុន Samsung Electronics ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញកិច្ចព្រមព្រៀងចុងក្រោយនេះ ត្រូវបានគេរំពឹងទុកថានឹងជាការជំរុញដ៏សំខាន់ ដល់អាជីវកម្មផលិតបន្ទះឈីប របស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សកូរ៉េខាងត្បូង ដែលកំពុងមានការខាតបង់។
ភាគហ៊ុនរបស់ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៍ថា បានកើនឡើងដល់ទៅ ៦,៨ ដែលជាកម្រិតខ្ពស់បំផុត គិតចាប់តាំងពីខែកញ្ញាឆ្នាំមុនមក ស្របពេលភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ក៏បានកើនឡើង ១,៩% ផងដែរ បន្ទាប់ពីមានកិច្ចព្រមព្រៀងដ៏ធំនេះ។
ទន្ទឹមនឹងនេះ ដោយបង្ហោះសារមួយនៅលើបណ្តាញសង្គម X នៅថ្ងៃចន្ទ លោក Musk បាននិយាយថា៖” Samsung បានអនុញ្ញាតឲ្យក្រុមហ៊ុន Tesla ជួយក្នុងការបង្កើនប្រសិទ្ធភាពផលិតកម្ម។ នេះគឺជាចំណុចសំខាន់មួយ ព្រោះថាខ្ញុំនឹងដឹកនាំដោយផ្ទាល់ ដើម្បីបង្កើនល្បឿននៃវឌ្ឍនភាព”។
ដោយឡែកលោក Pak Yuak អ្នកវិភាគប្រចាំនៅ Kiwoom Securities បានថ្លែងថា កិច្ចព្រមព្រៀងចុងក្រោយនេះ នឹងជួយកាត់បន្ថយការខាតបង់នៅក្នុងអាជីវកម្មផលិតបន្ទះឈីបរបស់ Samsung ចំពេលកំពុងមានការប្រកួតប្រជែងកាន់តែខ្លាំង ពីសំណាក់ក្រុមហ៊ុន TSMC សម្រាប់បន្ទះឈីបទំនើបជំនាន់ថ្មី៕

