ក្រុមហ៊ុន Adani Group ដែលគ្រប់គ្រងដោយមហាសេដ្ឋីមានបំផុតទីពីររបស់ឥណ្ឌា លោក Gautam Adani កាលពីពេលថ្មីៗនេះ បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការវិនិយោគរយ:ពេលវែង នៅក្នុងប្រទេសវៀតណាម ជាមួយនឹងដើមទុនសរុបរហូតដល់ទៅ ១០ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

កាលពីថ្ងៃទី៣០ ខែកក្កដាកន្លងទៅ អគ្គលេខាធិការរដ្ឋវៀតណាម លោក To Lam បានទទួលស្វាគមន៍លោក Adani ប្រធានក្រុមហ៊ុន Adani Group នៅទីក្រុងហូជីមិញ។ ក្រុមហ៊ុនខ្នាតយក្សឥណ្ឌានេះ បាននិយាយថា ខ្លួនមានបទពិសោធជាច្រើន ក្នុងការវិនិយោគ និងប្រតិបត្តិការលើគម្រោងធំៗជាច្រើននៅក្នុងតំបន់ដូចជា កំពង់ផែសមុទ្រ អាកាសយានដ្ឋាន ការដឹកជញ្ជូន ថាមពល និងបច្ចេកវិទ្យាឌីជីថល នៅក្នុងប្រទេសឥណ្ឌា និងប្រទេសច្រើនផ្សេងទៀត។
ទន្ទឹមនឹងនេះ បើតាមលោក Adani បាននិយាយទៀតថា ក្រុមហ៊ុនរបស់ខ្លួន មានបំណងបណ្តាក់ទុនជាយុទ្ធសាស្រ្តរយ:ពេលវែង នៅវៀតណាម ជាមួយនឹងដើមទុនដែលរំពឹងទុករហូតដល់ ១០ពាន់លានដុល្លារ។
មហាសេដ្ឋីមានជាងគេទីពីរនៅប្រទេសឥណ្ឌារូបនេះ បានអះអាងថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសវៀតណាម ជាពិសេសលើវិស័យដែលវៀតណាមចាប់អារម្មណ៍ដូចជា ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ថាមពល ថាមពលកកើតឡើងវិញ បច្ចេកវិទ្យាថ្មីៗដូចជា AI ជាដើម៕
ជម្រាបជូនផងដែរថា ដើម្បីឆ្លើយតបនឹងវិនិយោគិន អគ្គលេខាធិការដ្ឋ លោក To Lam បានវាយតំលៃខ្ពស់ចំពោះក្រុមហ៊ុន Adani សម្រាប់ការចាប់អារម្មណ៍ និងចូលរួមអភិវឌ្ឍន៍យុទ្ធសាស្ត្រវិនិយោគរយៈពេលវែងនៅវៀតណាម ដើម្បីរួមចំណែកបង្កើនកិច្ចសហប្រតិបត្តិការ និងតភ្ជាប់សេដ្ឋកិច្ចនៃប្រទេសទាំងពីរបន្ថែម៕

