ក្រុមហ៊ុនមហាសេដ្ឋីកំពូលឥណ្ឌា Adani ប្រកាសបោះទុន ១០ពាន់លានដុល្លារ វិនិយោគនៅវៀតណាម

អន្តរជាតិ

ក្រុមហ៊ុន Adani Group ដែលគ្រប់គ្រងដោយមហាសេដ្ឋីមានបំផុតទីពីររបស់ឥណ្ឌា លោក Gautam Adani កាលពីពេលថ្មីៗនេះ បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការវិនិយោគរយ:ពេលវែង នៅក្នុងប្រទេសវៀតណាម ជាមួយនឹងដើមទុនសរុបរហូតដល់ទៅ ១០ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី៣០ ខែកក្កដាកន្លងទៅ អគ្គលេខាធិការរដ្ឋវៀតណាម លោក To Lam បានទទួលស្វាគមន៍លោក Adani ប្រធានក្រុមហ៊ុន Adani Group នៅទីក្រុងហូជីមិញ។ ក្រុមហ៊ុនខ្នាតយក្សឥណ្ឌានេះ បាននិយាយថា ខ្លួនមានបទពិសោធជាច្រើន ក្នុងការវិនិយោគ និងប្រតិបត្តិការលើគម្រោងធំៗជាច្រើននៅក្នុងតំបន់ដូចជា កំពង់ផែសមុទ្រ អាកាសយានដ្ឋាន ការដឹកជញ្ជូន ថាមពល និងបច្ចេកវិទ្យាឌីជីថល នៅក្នុងប្រទេសឥណ្ឌា និងប្រទេសច្រើនផ្សេងទៀត។

ទន្ទឹមនឹងនេះ បើតាមលោក Adani បាននិយាយទៀតថា ក្រុមហ៊ុនរបស់ខ្លួន មានបំណងបណ្តាក់ទុនជាយុទ្ធសាស្រ្តរយ:ពេលវែង នៅវៀតណាម ជាមួយនឹងដើមទុនដែលរំពឹងទុករហូតដល់ ១០ពាន់លានដុល្លារ។

មហាសេដ្ឋីមានជាងគេទីពីរនៅប្រទេសឥណ្ឌារូបនេះ បានអះអាងថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសវៀតណាម ជាពិសេសលើវិស័យដែលវៀតណាមចាប់អារម្មណ៍ដូចជា ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ថាមពល ថាមពលកកើតឡើងវិញ បច្ចេកវិទ្យាថ្មីៗដូចជា AI ជាដើម៕

ជម្រាបជូនផងដែរថា ដើម្បីឆ្លើយតបនឹងវិនិយោគិន អគ្គលេខាធិការដ្ឋ លោក To Lam បានវាយតំលៃខ្ពស់ចំពោះក្រុមហ៊ុន Adani សម្រាប់ការចាប់អារម្មណ៍ និងចូលរួមអភិវឌ្ឍន៍យុទ្ធសាស្ត្រវិនិយោគរយៈពេលវែងនៅវៀតណាម ដើម្បីរួមចំណែកបង្កើនកិច្ចសហប្រតិបត្តិការ និងតភ្ជាប់សេដ្ឋកិច្ចនៃប្រទេសទាំងពីរបន្ថែម៕​