ស្ថានទូតចិនប្រចាំកម្ពុជា ប្រកាសផ្តល់ជំនួយ ១០ម៉ឺនដុល្លារ ដល់ប្រជាពលរដ្ឋនៅទីតាំងជនភៀសខ្លួន នៅវត្តភ្នំថ្មកំបោរ ភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានគូសបញ្ជាក់ នាព្រឹកថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៥ នេះថានឹងផ្តល់ជំនួយ ១០ម៉ឺនដុល្លារ ដល់ប្រជាពលរដ្ឋនៅទីតាំងជនភៀសខ្លួន នៅវត្តភ្នំថ្មកំបោរ ភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដើម្បីជួយកែលំអរជីវភាពរស់នៅ។
ជាមួយគ្នានេះ ស្ថានទូតចិន ក៏សូមជូនពរជនរងគ្រោះដោយសង្រ្គាមអាចត្រឡប់ទៅផ្ទះវិញឱ្យបានឆាប់ផងដែរ។

ការប្រកាសផ្តល់ជំនួយរបស់ស្ថានទូតចិន បន្ទាប់ពីលោកប្រមុខការទូតកម្ពុជា ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដឹកនាំឯកអគ្គរាជទូត-រដ្ឋទូតជាង២០ប្រទេស និងអង្គការអន្តរជាតិចំនួន៤ ចុះពិនិត្យមើលការអនុវត្តបទឈប់បាញ់ នៅព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ នៅខេត្តឧត្តរមានជ័យ។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានដឹកនាំអង្គទូត និងតំណាងអង្គការអន្តរជាតិ ពិនិត្យមើលទីតាំងដែលកងទ័ពថៃប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែកប្រភេទ MK-84 តែមិនទាន់ផ្ទុះ, កងទ័ពថៃប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែកនៅវត្ត, សាលារៀន ដែលរងការខូចខាតយ៉ាងដំណំ។
ជាមួយគ្នានេះ បណ្តាអង្គទូត និងតំណាងអង្គការអន្តរជាតិក៏បានចុះជួបសួរសុខទុក្ខ និងចែកអំណោយមួយចំនួនដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅសមរភូមិជួរមុខ ក្នុងខេត្តឧត្តរមានជ័យ ព្រមទាំងចុះសួរសុខទុក្ខជនភៀសសឹកផងដែរ៕




