សម្តេចធិបតី ស្នើអ្នកនាំជំនួយកុំចូលទៅដល់ទីតាំងទ័ព ខណៈថៃកំពុងផ្តោតការវាយប្រហារលើមេទ័ពខ្មែរ

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើកុំឱ្យអ្នកនាំជំនួយដល់កងទ័ព ធ្វើសកម្មភាពដូចមុនសង្រ្គាម ព្រោះពេលនេះថៃកំពុងផ្តោតលើការវាយប្រហារមេទ័ពខ្មែរ ខណៈស្ថានការណ៍បទឈប់បាញ់នៅតែផុយស្រួយផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសារជាសំឡេងរយៈពេលជាង៦នាទី របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចបានថ្លែងអំណរគុណទៅកាន់សារធារណៈជន ថ្នាក់ដឹកនាំ និងភាគីទាំងអស់ ដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់កងទ័ពរបស់យើង។

សម្តេចបន្តថា មកដល់ពេលនេះ ស្ថានការបទឈប់បាញ់នៅមានភាពផុយស្រួយណាស់ ហេតុនេះចំពោះការចង់ជួយឧបត្ថម្ភគាំទ្រទៅដល់កងទ័ពរបស់យើងដូចជាការបញ្ជូនស្បៀង បញ្ជូនសម្ភារៈទៅឱ្យកងទ័ពជួរមុខ សម្តេចមិនហាមឃាត់ទេ ប៉ុន្តែសម្តេចសុំកុំឱ្យរៀបចំដូចកាលមានសន្តិភាព និងមិនទាន់មានសង្រ្គាម ដោយមិនគួរមានគណៈប្រតិភូទៅទេ ទោះទៅមិនដល់ទីតាំងជួរមុខក៏ដោយ។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានដាក់បទបញ្ជាហាមដាច់ខាតចំពោះការនាំជំនួយទៅដល់ជួរមុខទេ ពិសេសការដឹកនាំគណៈប្រតិភូ ទៅជួបទីតាំងជួរមុខ ព្រោះជៀសវាងការចេញមកទទួលពីសំណាក់មេបញ្ជាការចុះមកទទួលផ្ទាល់ ដែលជាហេតុបង្កឱ្យមានភាពច្របូកច្របល់ និងមានគ្រោះថ្នាក់ដល់កងទ័ព និងមេបញ្ជាការរបស់យើង។សម្តេចថា មេបញ្ជាការត្រូវនៅជាប់ទីតាំងជួរមុខ ហើយមិនអាចចល័តបានទេ ដើម្បីជៀសវាងការកំណត់ទីតាំងពីភាគីថៃ និងការប្រើដ្រូនវាយប្រហារជាដើម។

បន្ថែមពីនេះ ក្នុងករណីដែលមានជំនួយដល់កងទ័ព សម្តេចក៏បានស្នើថា៖«ត្រូវចាត់តាំងតំណាង ដើម្បីយកជំនួយនោះទៅកាន់កងទ័ពណាមួយដែលចាត់តំណាងមកទទួល អាជ្ញាធរខេត្ត និងក្រសួងការពារជាតិ ដើម្បីបែងចែកទៅកាន់ទីតាំងកងទ័ពរបស់យើង ខណៈសម្តេចក៏ស្នើក៏ស្នើឱ្យហាមថតរូប ឬទីតាំងរបស់កងទ័ពផងដែរ។ជាថ្មីម្តងទៀត សម្តេចថា ស្ថានភាពនេះ នៅហានិភ័យនេះ ហេតុនេះសូមឱ្យបងប្អូនយោគយល់ និងរងចាំសន្តិភាពត្រឡប់មកវិញច្បាស់លាស់ និងពិតប្រាកដសិន»។

សូមរម្លឹកដែរថា កម្ពុជា និងថៃ បានសម្រេចឯកភាពលើកិច្ចចរចាបទឈប់បាញ់គ្នា ដោយគ្មានលក្ខណ្ឌ ដែលចាប់អនុវត្តពីម៉ោង ១២ យប់ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះតទៅ។ប៉ុន្តែទោះជាបានឯកភាពបទឈប់បាញ់ក៏ដោយ ក៏ទាហានថៃ នៅតែបំពានបទឈប់បាញ់ ដោយបានចាប់ទាហានខ្មែរ និងមិនបានបញ្ជូនមកគ្រប់ចំនួន ព្រមទាំងបានបន្តរាយបន្លាលួស និងដាក់គ្រឿងចក្រឈូសឆាយនៅដែនអធិបតេយ្យភាពជាតិកម្ពុជានៅតំបន់អានសេះ និងតំបន់មួយចំនួន បើទោះជាមានការហាមឃាតពីទាហានខ្មែរក៏ដោយ៕អត្ថបទ៖ ហ្សាលីន