អ្នកឧកញ៉ា លី ឃុនថៃ ដឹកនាំប្រតិភូមន្ទីរពាណិជ្ជកម្មខេត្តសានស៊ីនៃសាធារណរដ្ឋចិន ចូលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូមន្ទីរពាណិជ្ជកម្មខេត្តសានស៊ីនៃសាធារណរដ្ឋចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ ព្រមទាំងស្នើសុំកិច្ចសហការគាំទ្រលើគម្រោងការបង្កើតកញ្ចប់ទស្សនកិច្ចរួមគ្នា និងកិច្ចសហប្រតិបត្តិថ្មីៗ និងជាប្រយោជន៍ដល់វិស័យទេសចរណ៍ជាមួយដៃគូកម្ពុជា នៅទីស្តីការក្រសួង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់ដល់វិស័យទេសចរណ៍ និងការបង្កើតឱកាសការងារជាច្រើនកន្លែងនៅក្នុងប្រទេសកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ លោក Wang Hongjin ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសានស៊ី និងប្រតិភូចម្រុះដែលជាវិនិយោគិនលើវិស័យទេសចរណ៍ និងសំណង់ធំៗ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់លោកប្រធានមន្ទីរ និងអបអរសាទរដល់វិនិយោគិនកម្ពុជា និងចិនដែលឈានដល់ការបណ្តាក់ទុនរួមគ្នា រៀបចំបង្កើតផលិតផលទេសចរណ៍ និងខែ្សទស្សនកិច្ចប្រកបដោយភាពច្នៃប្រឌិត និងទាក់ទាញ ដើម្បីជំរុញកំណើនភ្ញៀវទេសចររវាងខេត្តសានស៊ី ដែលមានប្រជាជនជាង ៣០លាននាក់ និងប្រទេសកម្ពុជា។ ភាគីទាំងពីរនឹងធ្វើការភ្ជាប់នូវបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា និងរបស់ខេត្តសានស៊ី វប្បធម៌ ប្រពៃណីដ៏ចំណាស់ និងទាក់ទាញ ទេសភាពដ៏ស្រស់ត្រកាលរួមបញ្ជូលគ្នា ដែលជាចំណុចពិសេស និងទាក់ទាញភ្ញៀវទេសចរជាវកញ្ចប់ទស្សនកិច្ចថ្មីមួយនេះ។

ទន្ទឹមនឹងនេះដែរ ការតភ្ជាប់ជើះហោះហើរត្រង់រវាងរាជធានីភ្នំពេញ ខេត្តសៀមរាប និងទីក្រុងធំៗ នានារបស់ខេត្តសានស៊ី ក៏ត្រូវលើកមកពិភាក្សាដើម្បីជំរុញឱ្យចាប់ផ្តើមឆាប់ៗ ខាងមុខនេះ រួមទាំងការរៀបចំ FamTrip ដឹកនាំវិនិយោគិនខេត្តសានស៊ីមកប្រទេសកម្ពុជា ដើម្បីពិនិត្យកាលានុវត្តវិនិយោគក្នុងប្រទេសកម្ពុជាផងដែរ៕