ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុរ៉ាយស៍ (Amru Rice Co., Ltd) និងជាប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ បានប្រកាសគ្រោងដាក់ដំណើរការរោងចក្រវេចខ្ចប់អង្ករ Amru Rice ថ្មី លើផ្ទៃដីជាង ២ហិកតា នៅខេត្តកំពង់ស្ពឺ នៅពាក់កណ្តាលឆ្នាំ២០២៧ ខាងមុខនេះ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកឧកញ៉ា សុង សារ៉ន បានលើកឡើងបែបនេះថា៖ “ឆ្ពោះទៅអនាគតបៃតង និងនិរន្តរភាព! រោងចក្រវេចខ្ចប់អង្ករ Amru Rice ថ្មី លើផ្ទៃដីជាង ២ ហិកតា នៅខេត្តកំពង់ស្ពឺ គ្រោងដាក់តំណើរការ ពាក់កណ្តាលឆ្នាំ២០២៧ ត្រូវបានរចនាឡើងស្របតាមគោលការណ៍អគារបៃតង និងស្តង់ដារអន្តរជាតិ ដើម្បីបង្កើនប្រសិទ្ធភាពថាមពល គ្រប់គ្រងទឹក និង ធនធានធម្មជាតិប្រកបដោយការទទួលខុសត្រូវ លើកកម្ពស់សុខុមាលភាពបុគ្គលិក”។
សូមជម្រាបថា ក្រុមហ៊ុន អេមរុរ៉ាយស៍ (Amru Rice Co., Ltd) ជាក្រុមហ៊ុននាំចេញអង្ករឈានមុខគេមួយនៅកម្ពុជា និងជាក្រុមហ៊ុនមួយតែងប្តេជ្ញាគាំទ្រកសិករ និងសហគមន៍កសិកម្ម ក្នុងការផលិតពូជស្រូវដែលមានគុណភាពខ្ពស់ ប្រកបដោយនិរន្តរភាព ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ។ កាលចុងឆ្នាំ២០២៤ ឧកញ៉ា សុង សារ៉ន ក៏បានបោះទុនថវិកាដល់ទៅ ៣លានដុល្លារ បង្កើតឃ្លាំងស្តុក ឡសម្ងួតស្រូវ និងដំឡើងម៉ាស៊ីនកិនស្រូវ នៅឃុំរយ៉ ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី ផងដែរ៕




