អ្នកឧកញ៉ា សុខ គង់ ផ្តល់អំណោយសរុបទឹកប្រាក់ ៣ម៉ឺនដុល្លារ ជូនដល់គ្រួសារវីរៈកងទ័ពដែលបានពលីជីវិត និងប្រជាជនភៀសសឹក ៧០០គ្រួសារ នៅខេត្តឧត្តរមានជ័យ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុនសូគីម៉ិច អុិនវេសមេន គ្រុប និងលោកជំទាវអ្នកឧកញ៉ា គីម ឡេង ព្រមទាំងក្រុមគ្រួសារ បានចូលរួមតាមរយៈ លោកជំទាវ ឧកញ៉ា សុខ ចន្ថា នាយិកាប្រតិបត្តិ ក្រុមហ៊ុនបូកគោ ហ្វាម ឯ.ក (Bokor Farm Co., Ltd) សរុបជាទឹកប្រាក់ចំនួន ៣ម៉ឺនដុល្លារ ដែលរួមមាន ទឹកពិសា ចំនួន ២០០០កេស ស្បៀងអាហារ សម្ភារៈប្រើប្រាស់ ព្រមទាំងថវិកាមួយចំនួន សម្រាប់ជូនដល់គ្រួសារវីរៈកងទ័ពដែលបានពលីជីវិត និងបងប្អូនប្រជាជនភៀសសឹកប្រមាណ ៧០០គ្រួសារ នៅខេត្តឧត្តរមានជ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវឧកញ៉ា សុខ ចន្ថា កាលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារនាំយកជំនួយទាំងអស់នេះ ដែលសរុបជាទឹកប្រាក់ប្រមាណ ៣ម៉ឺនដុល្លារ ហើយត្រូវបែងចែកយ៉ាងយកចិត្តទុកដាក់ ដើម្បីជាចំណែកជួយសម្រួលបន្ទុក របស់សមាជិកគ្រួសាររបស់វីរៈកងទ័ពដែលបានពលីជីវិត ដើម្បីបូរណភាពទឹកដីទាំង ៦គ្រួសារ រួមទាំងបងប្អូនប្រជាពលរដ្ឋកំពុងភៀសសឹកប្រមាណ ៧០០គ្រួសារ នៅវត្តភ្នំថ្មកំបូល ស្រុកក្រសាំង ខេត្តឧត្តរមានជ័យ ដើម្បីជាការដឹងគុណ ក៏ដូចជាចូលរួមរំលែកនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា។

ក្នុងឱកាសនោះដែរ ក្រុមគ្រួសារវីរៈកងទ័ពពលី ទទួលបាន ថវិកាចំនួន ៤,០០០,០០០រៀល ក្នុងមួយគ្រួសារ ព្រមទាំង អង្ករ ១៥០គីឡូ មី៤កេស ទឹកក្រូច ២កេស ទឹកពិសារ ១០កេស ព្រមទាំងទឹកត្រី/ទឹកស៊ីអ៊ីវ ២០យួរ។ ចំណែកឯបងប្អូនភៀសសឹកទាំង ៧០០គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាននូវ ថវិកា ៣០,០០០រៀល ទឹកពិសា ១កេស និងកញ្ចប់គ្រឿងបរិភោគ មួយកញ្ចប់។

សូមជម្រាបថា ក្នុងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ បើទោះបីបច្ចុប្បន្នមានការអនុវត្តនូវ “បទឈប់បាញ់” ក៏ពិតមែន ប៉ុន្តែបងប្អូនជនភៀសសឹកមួយចំនួននៅតែមិនទាន់អាចត្រឡប់ទៅកាន់ទីលំនៅឋានដ៏កក់ក្ដៅរបស់ខ្លួនពេញលេញវិញនៅឡើយទេ។ រីឯបងប្អូនពលរដ្ឋមួយចំនួន បានត្រឡប់ទៅលំនៅឋានវិញហើយ ប៉ុន្តែត្រូវភៀសខ្លួនសារជាថ្មីទៀត ខណៈដែលកងទ័ពថៃ នៅតែបង្ហាញសកម្មភាពគម្រាមកំហែងនៅឡើយ។ ដូច្នេះអំណោយសប្បុរសធម៌ ពិតជាមានសារសំខាន់ណាស់ សម្រាប់បងប្អូនជនភៀសសឹក នៅតាមព្រំដែន៕