លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានចោទសួរទៅនឹងការលាបពណ៌របស់ថៃ ថា តើគ្រាប់បែកផលិតនៅឆ្នាំ១៩៩៦និង២០២៣ អាចជាសំណល់សង្គ្រាមឆ្នាំពី១៩៧០-១៩៧៣កើតដែរឬ?
នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ លោកហេង រតនា បានលើកឡើងឃ្លាមួយប្រៀបទៅនឹងការចោទប្រកាន់ លាបពណ៌គ្មានការពិតរបស់ភាគីថៃ ថា « ការកែឆ្នៃក្រឡៃសត្វដំរីមកជាសត្វស្រមោចនិងរីឯសត្វស្រមោចឱ្យក្លាយជាសត្វដំរី!»។

លោកបានលើកឡើងថា «សំណល់គ្រាប់បែកទម្លាក់ពីយន្តហោះF-16 ប្រភេទMK-84 ទម្ងន់ជិតមួយតោន ខិតខំប្រែក្លាយខ្លួនជាជនរងគ្រោះថា កម្ពុជាខូចរកស៊ីលាបពណ៌ថៃដោយយកគ្រាប់បែកMK-84 សំណល់សង្គ្រាមឆ្នាំ១៩៧០-១៩៧៣ មកដាក់តាំងបង្ហាញ ប៉ុន្តែជាក់ស្តែងគ្រាប់បែកMK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមននេះ ផលិតឆ្នាំ១៩៩៦ ហើយគ្រាប់បែកMK-82ទម្លាក់នៅវត្តតាមន្តសែនជ័យផលិតនៅឆ្នាំ២០២៣! តើគ្រាប់បែកផលិតនៅឆ្នាំ១៩៩៦និង២០២៣ អាចជាសំណល់សង្គ្រាមឆ្នាំពី១៩៧០-១៩៧៣កើតដែរឬ?
លោកបានបន្ថែមថា ទីតាំងគ្រាប់បែកទម្លាក់នេះនៅសល់៥គ្រាប់ទៀតនៅកប់ដីនៅឡើយ ហើយមនុស្សម្នាលើលោកអាចមកឃើញគ្រាប់បែកទាំងនេះបាន និងអាចចុះមកពិនិត្យបាននៅពេលមន្ត្រីជំនាញCMACដោះបន្សាបនាពេលខាងមុខ។
ជាមួយគ្នានេះ លោកហេង រតនា ក៏បានបញ្ជាក់បន្ថែមថា ប្រាសាទព្រះវិហារត្រូវរងគ្រោះដោយសារគ្រាប់ផ្លោង១៥៥មម គ្រាប់បែកចង្កោម និងគ្រាប់ជាច្រើនប្រភេទ ហើយនៅពេលឃើញរណ្តៅគ្រាប់និងការបែកបាក់ប្រាសាទទាំងនោះ ពួកសៀមបែរជាចោទខ្មែរថា រណ្តៅគ្រាប់ទាំងនោះខែ្មររៀបចំជីករណ្តៅបង្ហាញ ដើម្បីលាបពណ៌បង្ខូចឈ្មោះថៃ ហើយថៃជាជនរងគ្រោះទៅវិញ!
បញ្ហាគ្រាប់មីន សៀមខិតខំបង្ហាញថា ខ្លួនជាជនរងគ្រោះ ព្រោះខែ្មរប្រើគ្រាប់មីនPMN-2ថ្មី ក្នុងទឹកដីថៃ។ អគ្គនាយកស៊ីម៉ាក់ ចោទសួរថា តើយកទៅដាក់ក្នុងទឹកដីសៀមរបៀបម៉េច? បើទឹកដីស្ថិតនៅទល់មុខគ្នានោះជាដីមានជម្លោះ!
លោក ហេង រតនា ក៏បានសង្កត់ថា មនុស្សក្នុងពិភពលោកក្នុងយុគសម័យបដិវត្តន៍បច្ចេកវិទ្យាAIនេះ ពិតជាមិនខ្វះប្រាជ្ញាពិចារណាលើបញ្ហានេះទាំងនេះ ដូចជាគ្រាប់បែកMK-82 MK-84 និងគ្រាប់បែកចង្កោម មានប្រភពច្បាស់លាស់ណាស់ទាំងអ្នកផលិត អ្នកលក់ដូរ អ្នកដឹកជញ្ជូន និងអ្នកប្រើប្រាស់៕






