ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា នៅក្នុងរយៈពេល៧ខែដំបូង ក្នុងឆ្នាំ២០២៥នេះ គឺអត្រាប្ដូរប្រាក់រៀលជាមធ្យម មានស្ថេរភាព និងឡើងថ្លៃជាងមុនបន្តិចបើធៀបនឹងឆ្នាំមុនៗ។ នេះបើតាមការបញ្ជាក់ឱ្យដឹង នៅលើបណ្ដាញសង្គមផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។

ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា អត្រាប្តូរប្រាក់ជាមធ្យមសម្រាប់រយៈពេលប្រាំពីរខែដំបូង ឆ្នាំ២០២៥ មានកម្រិត ៤.០១១ រៀលក្នុងមួយដុល្លារអាមេរិក ដែលបានឡើងថ្លៃ ១,៧% (ឆ្នាំលើឆ្នាំ) ធៀបនឹងប្រាក់ដុល្លារអាមេរិក។ អត្រាប្តូរប្រាក់ជាមធ្យមប្រចាំខែបន្តមានស្ថិរភាព ដោយប្រែប្រួលបន្តិចបន្តួចពី ៤.០៣០ រៀលក្នុងមួយដុល្លារអាមេរិក ក្នុងខែមករា ទៅ ៤.០១០ រៀលក្នុងមួយដុល្លារអាមេរិក ក្នុងខែកក្កដា។
ធនាគារជាតិនៃកម្ពុជា គូសបញ្ជាក់ថា ទិន្នន័យចុងក្រោយនេះបង្ហាញថា ប្រាក់រៀលមានស្ថិរភាព និងឡើងថ្លៃជាងមុនបន្តិចបើធៀបនឹងឆ្នាំមុនៗ។ ការកើនឡើងថ្លៃនេះបង្ហាញពីភាពប្រសើរឡើងនៃស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនជំនឿទុកចិត្តលើប្រាក់រៀល និងការអនុវត្តនយោបាយរូបិយវត្ថុប្រកបដោយភាពបត់បែននិងប្រុងប្រយ័ត្ន៕


