ដំណឹងល្អ! ស្ពានឆ្លងទន្លេមេគង្គថ្មីមួយទៀត នឹងត្រូវ​សាង​សង់​ឡើង ដើម្បីតភ្ជាប់ទៅគម្រោងផ្លូវល្បឿនលឿនទី២ ភ្នំពេញ-បាវិត

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងសិក្សាលម្អិតលើគម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ តភ្ជាប់ទៅគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីបច្ចេកទេស​របស់ក្រសួង និងក្រុមហ៊ុនសាជីវកម្ម ស្ពាន-ថ្នល់ចិន (CRBC) ជាច្រើនរូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំដែលបានធ្វើឡើងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាលើរបាយការណ៍ស្តីពីការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ តភ្ជាប់ទៅគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ក៏ដូចជាដើម្បីប្រមូលមតិយោបល់ និងធាតុចូលពីអ្នកជំនាញបច្ចេកទេសក្រសួង និងក្រុមហ៊ុនសាជីវកម្ម ស្ពាន-ថ្នល់ចិន (CRBC) សំដៅធ្វើយ៉ាងណាឱ្យរបាយការណ៍នៃការសិក្សានេះ កាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងទទួលយកបានពីភាគីពាក់ព័ន្ធ។

ក្នុងនោះដែរ អង្គប្រជុំបានជជែកពិភាក្សាលម្អិតលើផ្នែកបច្ចេកទេសនីមួយៗ ក្នុងការកែសម្រួល និងបំពេញបន្ថែមនូវតម្រូវការចាំបាច់មួយចំនួន ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ដង់ដារបច្ចេកទេស និងសមស្របតាមស្ថានភាពបច្ចុប្បន្នសម្រាប់ប្រើប្រាស់ក្នុងប្រទេសកម្ពុជា។

តែយ៉ាងណា ចំពោះទីតាំងសាងសង់ស្ពានឆ្លងទន្លេមេគង្គ តភ្ជាប់ទៅគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត មិនទាន់ត្រូវបានក្រសួងសាធារណការ និងក្រុមហ៊ុនសាងសាង់បង្ហាញឲ្យដឹងនៅឡើយទេ។

សូមបញ្ជាក់ដែរថា នៅទី១១ ខែឧសភានេះ មានកិច្ចប្រជុំមួយដើម្បីពិនិត្យទីតាំងបើកការដ្ឋានផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក្រោមវត្តមមានឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅចំណុចប្រសព្វផ្លូវក្រវ៉ាត់ក្រុងទី៣ និងផ្លូវជាតិលេខ១។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាផ្លូវល្បឿនលឿនទី២ នៅកម្ពុជា នឹងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ខាងមុននេះហើយ។ ពិធីបើកនេះនឹងមានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា។ អ្វីដែលពិសេសផ្លូវល្បឿនលឿនមួយនេះ ក៏នឹងត្រូវតភ្ជាប់ជាមួយផ្លូវល្បឿនលឿនប្រទេសវៀតណាមនៅតំបន់ម៉ុកបៃ ឡើងទៅក្រុងហូជីមិញតែម្តង៕

អត្ថបទ៖ អក្ខរា