លោក ថាក់ស៊ីន បកស្រាយរឿងធ្វើដំណើរទៅឌុយបៃ ជំនួសឲ្យការទៅពិនិត្យជំងឺនៅសិង្ហបុរី

អន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននិយាយថា លោកត្រូវបានបង្ខំឲ្យផ្លាស់ប្តូរទិសដៅកាន់ទីក្រុងឌុយបៃវិញ ដើម្បីព្យាបាលជំងឺ ជំនួសប្រទេសសិង្ហបុរី ដោយសារតែមានការពន្យារពេលក្នុងនីតិវិធីអន្តោប្រវេសន៍របស់លោក នៅព្រលានយន្តហោះថៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ថាក់ស៊ីន បានបង្ហោះសារមួយនៅលើបណ្តាញសង្គម X របស់ខ្លួន នៅព្រឹកថ្ងៃទី៥ ខែកញ្ញានេះថា លោកគ្រោងនឹងទៅពិនិត្យសុខភាពនៅប្រទេសសិង្ហបុី ជាមួយវេជ្ជបណ្ឌិត ដែលធ្លាប់បានព្យាបាលឲ្យលោក។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការដំណើរទៅកាន់សិង្ហបុរីបានផ្លាស់ប្តូរ ដោយសារតែក្រុមត្រួតពិនិត្យច្រកចេញចូលនៅក្នុងប្រទេសថៃបានពន្យារពេលជើងហោះហើររបស់លោកអស់ជិតពីរម៉ោង។

បន្ទាប់ពីអ្នកបើកយន្តហោះបានប្រាប់លោក ថាក់ស៊ីន ថា យន្តហោះរបស់លោកនឹងមិនអាចទៅអាកាសយានដ្ឋាន Seletar របស់សិង្ហបុរី ដែលប្រើប្រាស់យន្តហោះឯកជនបាននោះទេ ព្រោះវាដល់ម៉ោងបិទទៅហើយ។ ដូច្នេះហើយ ទើបលោក ថាក់ស៊ីន បានណែនាំអ្នកបើកយន្តហោះឱ្យបង្វែរទិសដៅទៅកាន់ទីក្រុងឌុយបៃ ប្រទេសអារ៉ាប់រួមវិញ ដែលជាកន្លែងគ្រូពេទ្យដដែល ធ្លាប់បានតាមដានព្យាបាលលោកអស់ជាច្រើនឆ្នាំមកហើយ។

ជម្រាបជូនផងដែរថា លោក ថាក់ស៊ីន បានសន្យាថានឹងវិលត្រឡប់ទៅប្រទេសថៃវិញ នៅមុនថ្ងៃទី៨ ខែកញ្ញា ហើយនឹងបង្ហាញខ្លួននៅចំពោះមុខតុលាការកំពូលដើម្បីស្តាប់សាលក្រមនៅថ្ងៃទី៩ ខែកញ្ញាខាងមុខ៕