ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នឹងទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃជ័រកៅស៊ូ ក្នុងទំហំទុនវិនិយោគប្រមាណ ៩លានដុល្លារអាម៉េរិក នាពេលឆាប់ៗខាងមុខនេះ។នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រកាសចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃជ័រកៅស៊ូ ក្នុងទំហំទុនវិនិយោគប្រមាណ ៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៧៥កន្លែង។

យោងតាមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគបង្កើត រោងចក្រកែច្នៃជ័រកៅស៊ូ ដែលមានទីតាំងស្ថិតនៅភូមិជាំម្ជូរ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ “គ.ល.គ.” ចាប់ពីថ្ងៃ ចុះហត្ថលេខានេះតទៅ។គម្រោងនេះដែរ គឺវិនិយោគដោយក្រុមហ៊ុនKIMS RUBBER (CAMBODIA) CO., LTD.។
សូមរម្លឹកថា កាលពីឆ្នាំ២០២៤ កម្ពុជាសម្រេចទទួលបានគម្រោងចំនួន៤១៤គម្រោង ដែលមានទុនប្រមាណ ៦,៩ពាន់លានដុល្លារ កើនឡើង៤០% បើធៀបនឹងឆ្នាំ២០២៣។ ដោយឡែក ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២៥ កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៤៩១គម្រោង មានទុន ៧,២ពាន់លានដុល្លារ ដោយរំពឹងថាចំនួនគម្រោងវិនិយោគនៅឆ្នាំ២០២៥នេះនឹងកើនឡើងជាបន្តបន្ទាប់បន្ថែមទៀតដែលអាចបង្កើតការងារបានជាង ៤០ម៉ឺនកន្លែងជូនប្រជាពលរដ្ឋ៕ អត្ថបទ៖ហ្សាលីន

