យោងតាមក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងថា ក្រុមហ៊ុនផលិតអគ្គិសនីរបស់ខ្លួនទាំងអស់នឹងត្រូវដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណ ដើម្បីនាំចេញរថយន្តអគ្គិសនីរបស់ពួកគេ ទៅក្រៅប្រទេស ចាប់ពីឆ្នាំ២០២៦ តទៅ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន Reuters។

ក្រសួងដដែលនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះថា ការនាំចេញរថយន្ត EV នឹងតម្រូវឲ្យមានអាជ្ញាប័ណ្ណ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ដើម្បីលើកម្ពស់ការអភិវឌ្ឍនៃពាណិជ្ជកម្មរថយន្តថាមពលថ្មី។
គួរឲ្យដឹងថា ចិនជាប្រទេសនាំចេញរថយន្តធំជាងគេរបំផុតរបស់ពិភពលោក ដោយលក់រថយន្តសរុបបានចំនួន ៥,៥ លានគ្រឿង ទៅបរទេសកាលពីឆ្នាំមុន។ ក្នុងចំណោមនោះ ជិត ៤០% ជារថយន្តអគ្គិសនី ដែលស្ទើតែកើនឡើងទ្វេដង នៃតួលេខកាលពីឆ្នាំ២០២២។
លោក Wu Songquan នាយកការិយាល័យស្រាវជ្រាវគោលនយោបាយប្រចាំនៅមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យារថយន្តចិនបាននិយាយថា បច្ចុប្បន្នមានការព្រួយបារម្ភអំពីការលក់រថយន្តអគ្គិសនីទៅកាន់កន្លែងដែលមិនមានសេវាកម្មថែទាំជូនអតិថិជន នៅបរទេស ដែលធ្វើឲ្យប៉ះពាល់ដល់បទពិសោធអ្នកប្រើប្រាស់ និងកេរ្តិ៍ឈ្មោះម៉ាកយីហោរបស់ចិន។
លោក Wu បានបន្តទៀតថា៖ “ដូចគ្នានឹងម៉ាកយីហោអន្តរជាតិល្បីៗផ្សេងទៀតដែរ ដែលទទួលបានការជឿទុកចិត្តជាសកលដោយសារគុណភាពខ្ពស់របស់ពួកគេ ក្រុមហ៊ុនផលិតរថយន្តរបស់ចិនត្រូវតែបង្កើតដំណើរការស្តង់ដារ និងនាំចេញគុណភាពខ្ពស់ នៅក្នុងប្រតិបត្តិការរបស់ពួកគេ” ។
យោងតាមលោក Wu បានសង្កត់ធ្ងន់ថា ការនាំចេញរថយន្តអគ្គិសនីដោយមិនមានការត្រួតពិនិត្យត្រឹមត្រូវ បាននាំឱ្យមានសង្គ្រាមតម្លៃនៅក្នុងទីផ្សារបរទេស និងមានការកាត់បន្ថយប្រាក់ចំណេញ។ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានដាក់ពន្ធរួចហើយលើរថយន្តអគ្គិសនីដែលផលិតនៅក្នុងប្រទេសចិន ដោយលើកហេតុផលថាការឧបត្ថម្ភធនរបស់រដ្ឋាភិបាលផ្តល់ឱ្យពួកគេនូវអត្ថប្រយោជន៍មិនយុត្តិធម៌៕

